ខេត្តត្បូងឃ្មុំ ៖ សិស្សវិទ្យាល័យក្រូចឆ្មារ ខេត្តត្បូងឃ្មុំចំនួន១០នាក់ (ស្រីទាំងអស់) ក្នុងនោះមានសិស្សថ្នាក់ទី៨ ទី៩ និងទី១១ បានដួលសន្លប់ជាបន្តបន្ទាប់ ហើយភ្លាមៗនោះអាជ្ញាធរ លោកគ្រូអ្នកគ្រូ និងមន្ត្រីសុខាភិបាល បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកហើយក្រោយមក បានធូរស្រាលឡើងវិញ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
សិស្សដែលដួលសន្លប់ម្នាក់ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពក្បែរនោះបានដឹងខ្លួនត្រឡប់ទៅផ្ទះវិញហើយ។ដោយឡែក៩នាក់ទៀតក៏បានធូរស្រាលវិញផងដែរ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មាររួចមក។
ក្រោយជួយសង្គ្រោះរួច លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានប្រាប់អ្នកសារព័ត៌មានចំពោះមូលហេតុនៃការដួលសន្លប់សិស្សទាំង១០នាក់នេះ គឺមានកត្តារួមផ្សំមួយចំនួន។
ចំពោះកត្តាទាំងអស់នោះ លោកវេជ្ជបណ្ឌិត ស្រូយ គា ប្រធានការិយាល័យសុខាភិបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ថា ទី១ដោយសារសិស្សខំរៀនពេកធ្វើឱ្យខ្សោយអស់កម្លាំង ខ្វះជីវជាតិមួយចំនួន ។ ទី២សិស្ស២ទៅ៣នាក់ក្នុងចំណោមនោះ គាត់មានជំងឺខ្សោយខាងផ្លូវដង្ហើមធ្វើឲ្យសន្លប់ហើយសិស្សដទៃទៀតឃើញភ័យក៏សន្លប់តាមដែរ (សិស្សដែលខ្សោយបញ្ហាដង្ហើមនោះ ឧស្សាហ៍ដួលសន្លប់ផងដែរ)។
ទី៣ដោយសារកត្តាបរិស្ថាន ព្រោះក្រោយសាលា គឺមានឡដ្ឋ និងឡដុតសាកសព ដែលកម្តៅបានជះចេញពីឡអាចធ្វើឲ្យប៉ះពាល់ដល់អុកសុីហ្សែន។
សូមជម្រាបថា នេះមិនមែនជាករណីទីមួយទេ ដែលសិស្សដួលសន្លប់នៅទីនេះ ដោយហេតុការណ៍ដូចនេះក៏បានកើតឡើងម្ដងដែរនៅគ្រាមុន គឺបន្ទាប់ពីក្រសួងបរិស្ថានបានចុះមកពិនិត្យគុណភាពខ្យល់អុកស៊ីហ្សែន ឃើញថាមានការប៉ះពាល់បណ្តាលមកពីចំហាយឡនៅក្រោយសាលា ហើយអាជ្ញាធរសម្រេចបិទឡឥដ្ឋជាបណ្ដោះអាសន្នផងដែរ ខណៈឡដុតសាកសពគឺនៅដំណើរការធម្មតា។
ដោយឡែកចំពោះករណីដែលសិស្សដួលសន្លប់នៅព្រឹកនេះ គាប់ជួនឡកំពុងដុតសាកសពព្រមគ្នាផងដែរ៕
ដោយ៖វណ្ណៈ