ឥណ្ឌាបានផ្តល់ជំនួយវ៉ាក់សាំងជាច្រើនដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក ទាំងអាហ្វ្រិកនិងអាស៊ី។ កន្លងមកឥណ្ឌាបានផ្តល់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ដល់ ប្រទេស Myanmar, Bangladesh, Nepal, Sri Lanka និង Maldives ដើម្បីចាក់ជូនកម្លាំងជួរមុខក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ ។ នោះជាយុទ្ធសាស្ត្រសម្ពន្ធមិត្តវ៉ាក់សាំង ដើម្បីបង្កើនឥទ្ធិពលនៅលើពិភពលោក។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសថា នឹងផ្តល់ជំនួយវ៉ាក់សាំងរាប់លានដូសរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការផ្តល់ជំនួយវ៉ាក់សាំងជាច្រើន របស់ឥណ្ឌាគឺជាការប្រកួតប្រជែងឥទ្ធិពលនៅក្នុងតំបន់ជាមួយប្រទេសចិន ។
ឥណ្ឌាជាប្រទេសដែលផលិតវ៉ាក់សាំងធំបំផុតនៅលើពិភពលោក ដោយផលិតជាច្រើនប្រភេទ ហើយនាយករដ្ឋមន្ត្រី ម៉ូឌី កំពុងតែប្រើប្រាស់វ៉ាក់សាំងដើម្បីបង្កើនទំនាក់ទំនងសម្ពន្ធមិត្តកាន់តែជិត
ស្និទ្ធនៅក្នុងតំបន់ និងលើពិភពលោក ទាំងក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ។
កាលពីថ្ងៃទី៧ខែកុម្ភៈ ឥណ្ឌាបានបញ្ជូនវ៉ាក់សាំង AstraZeneca ៥សែនដូសផ្តល់ជូនប្រទេសអាហ្វហ្គានីស្ថាន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ប៉ុន្មានឆ្នាំកន្លងមក ឥណ្ឌាបានវិនិយោគទៅលើប្រទេសអាហ្វហ្គានីស្ថានជាច្រើន ក្នុងគោលដៅបង្កើនឥទ្ធិពលទៅលើប្រទេសនេះ ឲ្យបានច្រើនជាងប្រទេសប៉ាគីស្ថាន ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា មកទល់ពេលនេះឥណ្ឌាបានផ្តល់ជំនួយ វ៉ាក់សាំងដល់ទៅ១៥,៦លានដូសហើយដល់១៧ប្រទេសនៅជុំវិញពិភពលោក ។
គិតមកដល់ថ្ងៃទី៨ខែកុម្ភៈ ឥណ្ឌាមានករណីឆ្លងកូវីដ-១៩ កើនឡើង10.838.194 នាក់និងស្លាប់ 155.080 នាក់ ឈរលំដាប់ទីពីរលើពិភពលោកពីចំនួនអ្នកឆ្លងបន្ទាប់ពីអាមេរិក។ ឥណ្ឌាបានឡើងគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន៣០០លាននាក់ ដល់ខែសីហាឆ្នាំ២០២១ ។ ក្នុងពេលមួយសប្តាហ៍កន្លងមក ឥណ្ឌាបាន ចាក់វ៉ាក់សាំងជូនក្រុមគ្រូពេទ្យ ជាង៣លាននាក់ហើយ ៕
ដោយ៖ធី រីណា