អន្តរជាតិ៖ បើតាមសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះផ្សាយថា ជាថ្មីម្តងទៀតដែលសហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសតួកគី បោះបង់ចោល និងកុំប្រើប្រាស់ឲ្យសោះនូវប្រព័ន្ធមីស៊ីល S-400 ទិញពីរុស្ស៊ី ដែលនេះទំនងជាការច្រានចោល សំណើមួយរបស់ទីក្រុងអង់ការ៉ា់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
ជាក់ស្តែងចំពោះការអំពាវនាវខាងលើរបស់សហរដ្ឋអាមេរិកខាងលេីនេះ បន្ទាប់ពីលោក ហ៊ូលូស៊ី អាកា (Hulusi Akar) រដ្ឋមន្ត្រីការពារជាតិតួកគី ក្នុងសប្ដាហ៍នេះ បានស្នើសុំការសម្រុះសម្រួលមួយដោយតួកគី ដែលជាសម្ព័ន្ធមិត្តអង្គការ NATO ដែរនោះ នឹងមិនប្រើប្រាស់ពេញលេញនូវប្រព័ន្ធមីស៊ីល S-400 ដែលរុស្ស៊ីផលិតឡើងទុកសម្រាប់ទប់ទល់នឹង យន្ដហោះចម្បាំងលោកខាងលិចនោះទេ។
បេីតាមលោក ណេដ ប្រាយស៍ (Ned Price) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានអះអាងថា គោលជំហររបស់សហរដ្ឋអាមេរិកចំពោះ S-400 នឹងមិនកែប្រែឡើយ។ លេីសពីនេះលោក Ned Price បន្តថា S-400 មិនស័ក្តិសមជាមួយបរិក្ខាយោធារបស់អង្គការ NATO នោះទេ ហើយថែមទាំងគំរាមដល់សន្តិសុខ និងបច្ចេកវិទ្យារបស់ NATO។
សូមជម្រាបថា ម្យ៉ាងវិញទៀត ចំពោះការដំឡើង ឬការប្រើប្រាស់ប្រព័ន្ធមីស៊ីលនេះ ក៏ផ្ទុយទាំងស្រុងពីការប្ដេជ្ញាចិត្តរបស់តួកគី ក្នុងនាមជាសមាជិក NATO ដែលនេះតម្រូវជាចំាបាច់ឱ្យតួកគីបោះបង់ចោល និងកុំប្រើប្រាស់ប្រព័ន្ធមីស៊ីល S-400 ឱ្យសោះ។
គួរបញ្ជាក់ដែរថា ជុំវិញបញ្ហានេះដែរលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ធ្លាប់បានសន្យាថា លោកនឹងប្រកាន់ជំហរតឹងរ៉ឹងបំផុតចំពោះប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ដោយមិនធ្វើដូច អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ឡើយ៕ដោយ៖ស តារា
លោក ហ៊ូលូស៊ី អាកា (Hulusi Akar) រដ្ឋមន្ត្រីការពារជាតិតួកគី
លោក ណេដ ប្រាយស៍ (Ned Price) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
រូបភាព៖លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក