ខេត្តកំពង់ចាម ៖ មានករណីឆេះផ្ទះទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដារ ថ្មក្រោម ស្ថិតនៅចំណុចភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បណ្តាលឱ្យឆេះអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះដូចជា ទូរទស្សន៍២គ្រឿង, ស្រូវ១០បេ, ប្រាក់៣០០ដុល្លារ, ខ្សែកមាស៥ជី, កងដៃ២១ធ្វើពីផ្លាទីន និងសម្ភារប្រើប្រាស់មួយចំនួន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យខាងលើនេះបានកេីតឡេីងនៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី ។
ម្ចាស់ផ្ទះឈ្មោះ សួង រដ្ឋា ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងចេញរថយន្ដពន្លត់អគ្គិភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅធ្វើអន្ដរាគមន៍ជួយពន្លត់ ។
លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន ដែលដឹកនាំកម្លាំងចុះធ្វើអន្តរាគមន៍បានឱ្យដឹងថា ការខូចខាតមានផ្ទះទំហំ ៦ម៉ែត្រ × ៨ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារ ថ្មក្រោម , ទូរទស្សន៍២គ្រឿង, ស្រូវ១០បេ, ប្រាក់៣០០ដុល្លា, ខ្សែកមាស៥ជី, កងដៃ២១ធ្វើពីផ្លាទីន និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
លោកថា មូលហេតុនៃការឆេះគឺមកម្ចាស់ផ្ទះសែនរួចបិទទ្វារទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវាន់ ឃុំបុសខ្នុរ ដោយមិនបានពន្លត់ភ្លើងទៀននៅលើហ៊ឹងកុងម៉ា ។ អគ្គិភ័យបានរលត់អស់១០០% នៅវេលាមោង១៦:១០នាទី តែមិនបណ្ដាលឱ្យរងរបួសដល់មនុស្សនោះទេ ។
ក្នុងកិច្ចប្រតិបត្តិការនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាឱ្យរថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម១គ្រឿង ចុះជួយអន្ដរាគមន៍ផងដែរ ។ សរុបយើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ប្រើប្រាស់អស់ទឹក ៤រថយន្ដ (រថយន្តស្រុកចំការលើ១គ្រឿង រថយន្តស្រុកកំពង់សៀម១គ្រឿង និងរថយន្តខេត្ត២គ្រឿង៕ ដោយ៖វណ្ណៈ