អនុប្រធានាធិបតីអាមេរិកដែលមានដើមកំណើតអាស៊ី លោកស្រី កាម៉ាឡា ហារីស បានប្រតិកម្មយ៉ងខ្លាំងក្រោយពីមានការកើតឡើងនូវពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ីនាពេលកន្លងមក។
សារព័ត៌មានCNBC បានផ្សាយថា អនុប្រធានាធិបតី លោកស្រីហារីស នៅថ្ងៃទី១២ខែកុម្ភៈ(ពេលវេលាអាមេរិក)បានប្រតិកម្មទៅលើ សកម្មភាពវាយប្រហារទៅលើពលរដ្ឋអាមេរិកដែលមានដើមកំណើតអាស៊ី។ លោកស្រី បានបញ្ជាក់ថា ការចងគំនុំ និងអំពើហិង្សាទៅលើជនជាតិអាមេរិកដើមកំណើតអាស៊ី និងជនអន្តោប្រវេសន៍អាស៊ីបានកើនឡើងខ្ពស់រយៈពេលកន្លងមក ។ លោកស្រីបានសន្យាប្រយុទ្ធប្រឆាំង ការរើសអើងជាតិសាសន៍ ។
ប្រតិកម្មរបស់លោកស្រីអនុប្រធានាធិបតីអាមេរិក កើតឡើង ក្នុងពេលដែលពលរដ្ឋអាស៊ីរស់នៅអាមេរិកកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅលើទឹកដីអាមេរិក។ ឃ្លីបវីដេអូស្តីពីអំពើហិង្សាទៅលើស្ត្រីវ័យចំណាស់ដើមកំណើតអាស៊ី នៅតំបន់ San Francisco រដ្ឋកាលីហ្វ័រនីញ៉ា បានផ្សព្វផ្សាយពេញបណ្តាញសង្គមទទួលរងនូវការថ្កោលទោសយ៉ាងខ្លាំង។
កាមេរ៉ាសុវត្ថិភាពថតបានសកម្មភាព វាយប្រហារទៅលើបុរសវ័យ៩១ឆ្នាំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅតំបន់ ឆាយណា ថោន(Chinatown)ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រនីញ៉ា។ លោកតា បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរងរបួសធ្ងន់ ។
ក្រៅពីនេះក៏មានឃ្លីបវីដេអូមួយទៀត គឺលោកតាអាយុ៨៤ឆ្នាំជនជាតិថៃឈ្មោះVicha Ratanapakdee បានស្លាប់ ក្រោយរងការវាយប្រហារនៅថ្ងៃទី ២៨ខែមករា ពេលលោកតាដើរហាត់ប្រាណពេលព្រឹក។
ការរើសអើងជនជាតិអាស៊ីបានកើតឡើងតាំងពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានហៅវីរុសកូវីដ-១៩ គឺជាវីរុស ចិន បើទោះបីអង្គការសុខភាពពិភពលោក ប្រកាសដាក់ឈ្មោះថា កូវីដ-១៩ក្តី៕ធី រីណា
រូបភាព៖Reuters