ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តអញ្ជើញទស្សនាព្រៃឈើ ក្នុងសួនឧទ្យានសហវត្សកាកបាទក្រហមកម្ពុជា ដែលដើមឈើទាំងនោះត្រូវបានដាំកាលពីឆ្នាំ១៩៩៩

ចែករំលែក៖

ខេត្តសៀមរាប៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តអញ្ជើញទស្សនាព្រៃឈើ ក្នុងសួនឧទ្យានសហវត្សកាកបាទក្រហមកម្ពុជា ដែលដើមឈើទាំងនោះត្រូវបានដាំកាលពីឆ្នាំ១៩៩៩ ក្នុងឱកាសនៃប្រារព្ធខួបលើកទី១៣៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ១៩៩៩ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញធ្វើដំណើរបន្តទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ជាទីតាំងប្រវត្តិសាស្ត្របានបន្សល់ទុកនូវប្រាសាទបុរាណច្រើនកន្លែង។
ប្រាសាទនាននៅលើភ្នំគូលែន ត្រូវប្រជាពលរដ្ឋខ្មែរចាត់ទុកជាភ្នំសក្ការបូជានៅក្នុងប្រទេសកម្ពុជា ជាកន្លែងពេញនិយមសម្រាប់ធ្វើពីធីសាសនា។ នៅលើកំពូលភ្នំមានវត្តតូចមួយ ដែលមានតំកល់បដិមាព្រះពុទ្ធមួយអង្គទំរេតព្រះកាយឆ្លាក់ចេញពីផ្ទាំងថ្មភ្នំ ប្រជាពលរដ្ឋតែងតែហៅថាព្រះអង្គធំ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបន់ស្រន់នៅចំពោះព្រះពុទ្ធបដិមាព្រះអង្គធំ សូមជួយប្រោះព្រំ ព្រះពរជ័យសិរីមង្គលជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យចៀសផុតពីគ្រោះភ័យដោយយថាហេតុនានា ជាពិសេសជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោកឱ្យរលាយសាបសូន្យបាត់ពីភពផែនដីយើងនេះទៅ៕

ដោយ៖សិលា


ចែករំលែក៖