ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានធ្វើជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត លើការក្រើនរំលឹកការអនុវត្តអនុក្រឹត្យ លេខ១២៩ អនក្រ បក ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមចក្រកចេញចូល។

សេចក្តីដូចមានចែងខាងលើ ក្រសួងសុខាភិបាលសូមជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត ជ្រាបថា កន្លងមកក្រសួងបានកត់សម្គាល់ឃើញថា ការអនុវត្តការធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេស បានលទ្ធផលល្អប្រសើរ និងបានរួមចំណែកនូវការ ការពារការឆ្លើយតបចំពោះការរីករាលដាលវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍របស់យើង ប៉ុន្តែមួយរយៈនេះ ក្រសួងក៏សង្កេតឃើញមានការធ្វើចត្តាឡីស័ក ទាំងប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេស មួយចំនួនមិនបានអនុវត្ត ត្រឹមត្រូវទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅឡើយ ។

ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកដល់ លោក លោកស្រី អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ទាំងអស់ ឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុក្រឹត្យ លេខ១២៩ អនក្រ . បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅ តាមចក្រកចេញចូល ជាពិសេសជំពូកទី៥ ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨នៃអនុក្រឹត្យនេះដែលបានចែងថា៖ អ្នកដំណើរ ឬ ការីនៃយានដឹកជញ្ជូនណាដែលគេចវេះមិនឲ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រី ចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួល ពិន័យអន្តរការណ៍ជាប្រាក់ពី ២០០.០០០ (ពីរសែនរៀល) ដល់ ១.០០០.០០០ (១លានរៀល) ទៅតាមទំហំនៃបទ ល្មើស និងតម្រូវឲ្យអនុវត្តវិធានសុខាភិបាល។ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឲ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។

ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕

ដោយ៖សុខ ខេមរា


ចែករំលែក៖