នៅល្ងាចថ្ងៃទី១៩ខែកុម្ភៈ រដ្ឋលេខាធិការក្រសួងសុខាភិបាលវៀតណាម លោក ង្វៀង ត្រឿងសឺង និងក្រុមអ្នកជំនាញបានជួបប្រជុំស្តីពី ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះ ។
មកដល់ថ្ងៃទី ១៩ខែកុម្ភៈ វៀតណាម មានអ្នកជំងឺកូវីដ-១៩ ចំនួន៧១៤នាក់កំពុងព្យាបាលនៅទូទាំងប្រទេស ។ ក្នុងចំណោមនោះមាន ដល់ទៅ ៨៣,៣%មិនបញ្ចេញអការៈធ្ងន់នោះឡើយ។ ជាមួយគ្នានោះមាន ១៤,២%មានអការៈតិចតួចដូចជាក្តៅខ្លួនជាដើម។ ក្នុងចំណោមអ្នកជំងឺជាង៧០០នាក់ មានតែ១៥នាក់ប៉ុណ្ណោះធ្លាក់ក្នុងសភាពធ្ងន់ត្រូវប្រើម៉ាស៊ីនជួយដកដង្ហើម។
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ក្នុងស្រុក ចំនួន ១៥ករណីទៀត គឺនៅក្នុងខេត្តហាយយឿងទាំងអស់។ ករណីឆ្លងថ្មីៗខាងលើទាំងអស់ត្រូវបានរាយការណ៍ចេញពីខេត្តហាយយឿង ភាគខាងជើងប្រទេសជាតំបន់ ឆ្លងរាលដាលខ្លាំងបំផុត តាំងពីថ្ងៃទី ២៧ខែមករាមក។
រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៣៦២ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៦២៧នាក់៕ ដោយ៖ធីរីណា
រូបភាព៖baochinhphu.vn