ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនដៃដល់ចំនួន២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីកាប់យុវជន២នាក់ស្លាប់និងរបួសជិត១ឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ៖ ជនដៃដល់ម្នាក់ទៀតសរុប២នាក់ក្នុងចំណោមបក្សពួក៥នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះបានឈ្លោះប្រកែកគ្នានិងកាប់ទៅលើយុវជនមួយក្រុមទៀតដែលមានគ្នាចំនួន៤នាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីជិតមួយឆ្នាំមុន។

លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នៅចំណុចផ្ទះជួលលេខ ១៣ ផ្លូវបេតុង ក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

មន្ត្រីនគរបាលជំនាញបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ផុន ភិន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញឃាត់ខ្លួនថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ទី២-ឈ្មោះ ផេក ចក្រា អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យឃាត់ខ្លួនថ្ងៃទី២៩ ខែកុម្ភៈ ២០២០។ ចំណែកឯជនរងគ្រោះទី១-ឈ្មោះ លិន ឈឿន អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (ស្លាប់)។

ទី២-ឈ្មោះ អ៊ុន ស៊ា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវរបួសក្បាលភ្នែកនិងស្រាំលលាដ៍ក្បាល។

មន្ត្រីនគរបាលជំនាញបានបន្តទៀតថា កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០​ នៅមុនពេលកើតហេតុជនរងគ្រោះរួមទាំងមិត្តភក្កិបាននាំគ្នាអង្គុយផឹកស្រាក្រឡុកនៅម្ដុំលើស្ពានថ្មផ្លូវផ្សារទួលពង្រ ស្ថិតនៅទីតាំងកើតហេតុ។ខណៈដែលពួកគេចប់ការស៊ីផឹករួចបម្រុងទៅផ្ទះជួលស្របពេលដែលជនរងគ្រោះកំពុងដើរចេញក៏មានការទាក់ពាក្យសម្ដីគ្នាជាមួយនឹងក្រុមជនសង្ស័យមានគ្នាចំនួនពីរនាក់ដែលដើរកាត់ពីខាងមុខហាង។

ពេលដែលទាក់ពាក្យសម្ដីគ្នានោះជនសង្ស័យបានទូរស័ព្ទទៅហៅបក្ខពួកមានគ្នាចំនួន៣នាក់បន្ថែមទៀតមកជួយប្រដាប់ដោយអាវុធគ្រប់ដៃរួចក៏ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់។ ក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។បន្ទាប់មកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ​ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកជនរងគ្រោះម្នាក់ក៏បានស្លាប់ទៅ។ 

សមត្ថកិច្ចបន្តទៀតថា​ ក្រោយមកកម្លាំងក៏បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៩​ ខែកុម្ភៈ ឆ្នាំ២០២០​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​និងដកហូតកាំបិតធំចុងស្រួចមួយដេីម។ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ សមត្ថកិច្ចបន្តតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចផ្ទះជួលលេខ ១៣ ផ្លូវបេតុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ចំណែកឯបក្ខពួកដែលនៅសេសសល់កម្លាំងកំពុងបន្តការស្រាវជ្រាវតាមចាប់បន្តទៀត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖