ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអធិបតិក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំសៀមរាប(ហៅខ្លោងទ្វារតាកាវ)ដែល មានសភាពទ្រុឌទ្រោមខ្លាំង

ចែករំលែក៖

ខេត្តសៀមរាប៖  ពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ សៀមរាប (ហៅខ្លោងទ្វារតាកាវ) ស្ថិតនៅប៉ែកខាងលិចនៃទីក្រុងអង្គរធំដែលតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដោយមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំរបស់លោកស្រីឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង (អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍)នារសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១។ 

    ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នៅក្នុងពិធីបួងសួងនោះ ក៏មានការនិមន្តនិងអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ព្រះសង្ឃ លោក លោកស្រីអភិបាលរងខេត្តសៀមរាប មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់។ 

    លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងសូមឲ្យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត និងជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។ ការប្រារព្ធធ្វើពិធីនេះឡើងបានដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិប័តន៍ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចម្រើន។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំងដោយសារជំងឺមួយនេះ។ 

      ក្នុងឱកាសនោះ លោកស្រីឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង (អគ្គនាយិកាក្រុមហ៊ុន ហេង អភិ វឌ្ឍន៍) មានប្រសាសន៍ថា ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារ ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទ បាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ព័ន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស។ 

       សូមបញ្ជាក់ថា៖  កន្លងមកកាលពីខែមេសាឆ្នាំ២០២០ លោកស្រីឧកញ៉ា អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា លោកស្រីបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលខ្លោងទ្វារ ចូលបរិវេណក្រុងអង្គរធំ ពីខាងលិច ឬហៅថា ខ្លោងទ្វារតាកាវ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ការឧបត្ថម្ភថវិកានេះ ធ្វើឡើងស្របពេលដែលលោកស្រីឧកញ៉ា អគ្គនាយិកា បានអញ្ជើញមកទស្សនាសមិទ្ធផលនានា ដែលបានជួយជួសជុលកន្លងមក រួមមានប្រាសាទកណ្ដាលស្រះស្រង់ និងជួសជុលរហាត់ទឹកនៅក្នុងរមណីយដ្ឋានអង្គរជាដើម៕

ដោយ៖សំរិត


ចែករំលែក៖