ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម: តម្លៃផលិតផល កសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់និង តម្រូវការទីផ្សារ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា តម្លៃផលិតផល កសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់និង តម្រូវការទីផ្សារ។ ជាក់ស្តែង នាដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែចាប់ពីដើមខែកុម្ភៈមកទល់បច្ចុប្បន្ននេះ តម្លៃផ្លែស្វាយកំពុងមានការធ្លាក់ចុះ ដោយសារជារដូវកាលប្រមូលផលផ្លែស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងៗ ដែល បណ្តាលឱ្យមានបរិមាណផ្លែស្វាយជន់ច្រើនលើសលប់នៅលើទីផ្សារ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅកំពុង ស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រ ww.globalprice.rfo បច្ចុប្បន្ន តម្លៃផ្លែស្វាយស្រស់នៅប្រទេសចិន បានធ្លាក់ចុះមកត្រឹមពី ១,១០ ទៅ១,២០ដុល្លារអាមេរិកគីឡូក្រាមតែប៉ុណ្ណោះ។ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់តម្លៃផលិតផលផ្លែស្វាយនៅលើទីផ្សារ និងបង្កើនប្រាក់ចំណេញជូនអ្នកផលិត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំស្វះស្វែងរកទីផ្សារសម្រាប់ផលិតផលផ្លែស្វាយសំខាន់ៗ តាមរយៈការចរចាលើវិធានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យជាមួយបណ្តាប្រទេសមានសក្តានុពលមួយចំនួន ដូចជាប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសជប៉ុន។ល។ ការសម្រេចបាននូវការព្រមព្រៀងគ្នាជាមួយប្រទេសកូរ៉េស្ដីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យ បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េតាំងពី ខែមករា ឆ្នាំ២០២០។ ដោយឡែក ការចរចាជាមួយប្រទេសចិនសម្រេចបាននូវការព្រមព្រៀងគ្នាលើពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យ នៅខែមិថុនា ឆ្នាំ២០២០កន្លងមក ក៏ប៉ុន្តែដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយ ដែលវិនិយោគដោយផ្នែកឯកជន មានការយឺតយ៉ាវដោយសារឥទ្ធិពលនៃ ការរីករាលដាលនៃជំងឺកូវីដ -១៩។ មកទល់ពេលនេះ ក្រុមហ៊ុនចំនួន៤ ទើបតែបានបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ហើយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានផ្ញើលិខិតស្នើសុំការពិនិត្យនិងឯកភាព ចុះបញ្ជីពីប្រទេសចិនកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពិនិត្យនិងសម្រេចអនុញ្ញាតឱ្យនាំចេញផ្លែស្វាយស្រស់ពី កម្ពុជាទៅកាន់ប្រទេសចិន។

ដើម្បីរក្សាបាននូវស្ថិរភាពតម្លៃសមស្រប និងមានទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវ ម្តងហើយម្តងទៀតដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយ ក្រុមហ៊ុនក្នុងនិងក្រៅស្រុក ដើម្បីចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃនិងនាំចេញ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសារធាណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖