តាមគេហទំព័រ Worldometer នៅថ្ងៃទី២៤ខែកុម្ភៈ បានផ្សាយថា នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ជាង១១៣លាននាក់ ក្នុងនោះមាន ៤២៦ ពាន់នាក់ឆ្លងថ្មី ។ ចំណែកអ្នកស្លាប់វិញកើនឡើង២,៥លាននាក់ និងជាង១០,៤ពាន់នាក់ស្លាប់ថ្មី។
នៅអាមេរិក ប្រធានាធិបតីបៃឌិន បានប្រកាសពន្យារពេលស្ថានភាពអាសន្នជាបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ លោកបៃឌិនបញ្ជាក់ថា ការពន្យារពេលស្ថានភាពអាសន្នគឺជារឿងដ៏សំខាន់បំផុតដើម្បីយកឈ្នះកូវីដ-១៩។ មកទល់ពេលនេះមានពលរដ្ឋអាមេរិកជាងកន្លះលាននាក់ហើយបានស្លាប់ដោយកូវីដ-១៩។
ជាមួយប្រទេសជាច្រើនបានឡើងគម្រោងបើកប្រទេសឡើងវិញដើម្បីដំណើរការសេដ្ឋកិច្ចជាតិ ក្នុងនោះមានប្រទេសអុីស្រាអែល ក្រោយទទួលបានការចាក់វ៉ាក់សាំងជូនពលរដ្ឋជាងពាក់កណ្តាល។ ជាមួយគ្នានេះប្រទេសអង់គ្លេស និងប្រទេសក្នុងតំបន់អឺរ៉ុបក៏គ្រោងបើកដំណើរការសេដ្ឋកិច្ចផងដែរ ក្រោយចំនួនអ្នកឆ្លងធ្លាក់ចុះ ។
ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានខិតខំដើម្បីជួយដល់បណ្តាប្រទេសក្រីក្រទទួលបានវ៉ាក់សាំងឲ្យបានគ្រប់ៗប្រទេស ដើម្បីយកឈ្នះកូវីដ-១៩ ។ កម្មវិធិវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក COVAX បានចាប់ផ្តើមដំណើរការចែកជួនដល់ប្រទេស ក្រីក្រ ។
នៅពេលនេះប្រទេសហ្គាណាក្លាយជាប្រទេសក្នុងទ្វីបអាហ្វ្រិក ដំបូងគេដែលទទួលបានវ៉ាក់សាំងពី COVAX របស់អង្គការសុភាពពិភពលោកចំនួន៦សែនដូសពី ក្រុមហ៊ុន Oxford-AstraZeneca បានទៅដល់រដ្ឋធានីប្រទេសហ្គាណានៅថ្ងៃទី ២៤ខែកុម្ភៈ។ តំណាងអង្គការWHO ប្រចាំនៅទ្វីបអាហ្វ្រិកបានឲ្យដឹងថា ហ្គាណាជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងដោយមានអ្នកស្លាប់ ៥៨៤នាក់ និងឆ្លងជាង៨១ពាន់នាក់ ។
ក្រៅពីនេះក៏មានប្រទេសជាច្រើនទៀតនឹងទទួលបានវ៉ាក់សាំងពី អង្គការសុខភាពពិភពលោក ក្នុងពេលឆាប់ៗខាងមុខ ដើម្បីគ្រប់គ្រងស្ថានភាពនិងយកឈ្នះទាំងស្រុងលើកូវីដ-១៩៕
ដោយ៖ធីរីណា