គ្រូបង្រៀន និងឪពុកម្តាយដែលបាត់កូនបានឲ្យដឹងថា ក្រុមឧទ្ទាមប្រដាប់ដោយអាវុធបានវាយប្រហារ ទៅលើអគារស្នាក់នៅរបស់និស្សិតហើយចាប់ខ្លួននិស្សិតស្រីទាំងកណ្តាលយប់នាំចូលទៅក្នុងព្រៃបាត់។
អ្នកនាំពាក្យអភិបាលរដ្ឋ Zamfara បានឲ្យដឹងថា ការចាប់និស្សិតស្រីនៅយប់ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ កម្លាំងសន្តិសុខបានស្វែងរកនៅតាមព្រៃក្បែរនោះដែលមានដានមនុស្ស។ នៅពេលនេះគេមិនទាន់ដឹងច្បាស់ថា មាននិស្សិតស្រីប៉ុន្មាននាក់ត្រូវខ្មាន់កាំភ្លើងចាប់ខ្លួននោះឡើយ។
ខ្មាន់កាំភ្លើងបានបាញ់ប្រហារហើយនាំនិស្សិតស្រីទៅបាត់ ។ មានប្រភពព័ត៌មានឲ្យដឹងថា ខ្មាន់កាំភ្លើងបានបញ្ជូនក្រុមនិស្សិតស្រីទៅតាមរថយន្ត និងមួយចំនួនទៀតដើរថ្មើរជើង។ នៅក្នុងអគារស្នាក់នៅសម្រាប់និស្សិតស្រី គឺមាននិស្សិតដល់ទៅ៣០០នាក់ស្នាក់នៅទីនោះ។
នេះជាករណីទីពីរហើយដែលបានកើតឡើងនៅភាគខាងជើង នីហ្សេរីយ៉ាក្នុងរយៈពេល១សប្តាហ៍ កន្លងមក ។
កាលពីសប្តាហ៍កន្លងទៅ ខ្មាន់កាំភ្លើងមួយក្រុមក៏បានចាប់ខ្លួន និស្សិត៤២នាក់ ប៉ុន្តែក្រោយមកក៏បានដោះលែងឲ្យមានសេរីភាពវិញ។
ករណីចាប់ខ្លួនក្រុមនិស្សិតនិងសិស្សសាលាតែងតែកើតឡើងនៅតំបន់ភាគកណ្តាលនិងភាគខាងលិចប្រទេសនីហ្សេរីយ៉ា ហើយកម្លាំងសន្តិសុខប្រទេសនេះ មិនមានវិធានការការពារពលរដ្ឋឱ្យរួចផុតពីការចាប់ខ្លួននោះឡើយ៕ដោយ៖ធីរីណា
រូបភាព៖AFP