ភ្នំពេញ៖ អតីតអ្នកបេីកបររថយន្ត រួមគ្នាជាមួយនិងបក្ខពួក៣នាក់ទៀត បានរៀបគម្រោងចាប់ជំរិតម្ចាស់ផ្ទះដែលជាអតីតប្រធានសាខាអគ្គិសនីខេត្តកំពង់ចាម ទារលុយ១លានដុល្លារ ប៉ុន្តែមិនបានសម្រេចក៏បែកធ្លាយដល់ជនរងគ្រោះក៏ប្តឹងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមខ្លួនជាមុនរហូតក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធចំនួន២ដេីម ចូលមកដល់ក្នុងភូមិគ្រឹះ ហេីយត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បេីកប្រតិបត្តិការបង្ក្រាបបាញ់សម្លាប់ចំនួន៤នាក់។
ករណីចាប់ជំរិតខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅចំណុច វីឡាលេខ ២០ ក្នុងបុរីអង្គរភ្នំពេញ ក្បែរផ្សារអ៉ីអន២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រុមជនល្មើស ដែលត្រូវសមត្ថកិច្ចបាញ់ស្លាប់ទាំង៤នាក់ខាងលេីនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដែលក្នុងនោះ មានម្នាក់ ដែលគេស្គាល់ថា ជាអតីតអ្នកបើករថយន្តឲ្យម្ចាស់ផ្ទះ។ ចំណែក ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ថា មានឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គិសនី ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា មានជនល្មើស មានគ្នា៤នាក់ ក្នុងនោះមានម្នាក់ជាអតីតអ្នកបើកបរឲ្យជនរងគ្រោះដែលជាអតីតប្រធានសាខាអគ្គិសនីខេត្តកំពង់ចាម ហើយនៅពេលដែលជនសង្ស័យបានលាឈប់ពីការងារ រួចបានរៀបចំគម្រោងចាប់ជំរិត លុយចំនួន១លានដុល្លារ ពីជនរងគ្រោះតែម្តង ។
ប្រភពដដែល បន្តថា នៅក្នុងសកម្មភាពនោះជនសង្ស័យក៏បានទៅទាក់ទងអ្នកបើករថយន្តរបស់ជនរងគ្រោះ ដែលជាអ្នកមកធ្វេីការក្រោយ ហើយក៏បានបែកធ្លាយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញត្រៀមចាំអស់រយៈពេល ៤ថ្ងៃមកហើយ ។នៅពេលដែលជនសង្ស័យជិះរថយន្តមួយគ្រឿង ចូលទៅដល់ក្នុងផ្ទះជនរងគ្រោះ រួចចាក់សោពីក្នុង ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថ ដែលត្រៀមចាំនៅខាងលើ ក៏បាញ់ប្រហារទៅលេីជនសង្ស័យ ៤នាក់នេះ បណ្ដាលឲ្យស្លាប់នៅក្បែររបង ដោយនៅក្បែរខ្លួន មានកាំភ្លើងអាការមួយដើម និងកាំភ្លើងខ្លី២ដើមផងដែរ។
ក្នុងហេតុការណ៍នោះដែរ ជនសង្ស័យទាំង៤នាក់ បានត្រូវគ្រាប់កាំភ្លើងជាច្រើនគ្រាប់ និងទ្វារធ្លាយទៅដោយគ្រាប់កាំភ្លើង។ ទោះបីជាយ៉ាងណា សមត្ថកិច្ចជំនាញពុំទាន់ផ្តល់ព័ត៌មានលំអិតណាមួយជុំវិញ ការបង្ក្រាបក្រុមចាប់ជំរិតនេះនៅឡើយទេ។
ដោយឡែកបេីតាមប្រភពព័ត៌មានពីមន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា តាមដំណើររឿងបឋម! ជនល្មើសមានគ្នា៥នាក់ ក្នុងនោះមាន ២នាក់ ជាអ្នកធ្វើស្នាក់នៅធ្វើការ និងធ្លាប់បើកឡានឲ្យជនរងគ្រោះ ប៉ុន្តែបានលាឈប់។ ក្រោយមកជនល្មើសទាំង ២នាក់ហ្នឹង បានមកសុំជនរងគ្រោះនៅវិញ ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យនៅ ទើបជនល្មើសម្នាក់បែកគំនិត ក៏រៀបផែនការចាប់ជំរិត និងប្លន់តែម្តងដោយរកបានបក្ខពួក៣នាក់ថែមទៀត។ សំណាងល្អម្នាក់ក្នុងចំណោម ២នាក់នេះ បានក្បត់គ្នាវា និងមិនព្រមចូលសកម្មភាពជាមួយ ក៏រាយការណ៍ទៅជនរងគ្រោះ និងសមត្ថកិច្ច រហូតអាវុធហត្ថបានត្រៀមកម្ចាត់៣ថ្ងៃមុនមកម្ល៉េះ។ ជនល្មើសទាំងនេះជាជនជាតិខ្មែរ មានកាំភ្លើងខ្លី២ដើម និងអាកាមួយដើម។ ដោយឡែក អត្តសញ្ញាណជនល្មើសមិនទាន់ស្គាល់នៅឡើយទេ។ តាមសេចក្តីសន្និដ្ឋានជំហានដំបូង ក្រុមជនល្មើសប្រុងប្លន់ និងជំរិតទឹកប្រាក់ ១លានដុល្លារ៕
ដោយ ៖ រ៉ារ៉ា និង លីហ្សា