កម្លាំងទាហានមីយ៉ាន់ម៉ា បានផ្ទុះអាវុធទៅលើក្រុមបាតុករបណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ នៅក្នុងពេលធ្វើបាតុកម្មនាថ្ងៃទី៣ខែមីនា២០២១ នេះដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារដឹកនាំប្រទេសដោយយោធា។ ក្នុងចំណោមអ្នកស្លាប់ទាំង ៩នាក់ មាន ៤នាក់នៅទីក្រុង Sagaing និងម្នាក់នៅYangon ២នាក់នៅ Mandalay ក្រៅពីនេះគឺនៅរដ្ឋធានីណៃពិដោ។
បើទោះបីកម្លាំងទាហានបានស្នើមិនឲ្យក្រុមសន្តិសុខប្រើប្រាស់គ្រាប់ពិតទៅលើក្រុមបាតុករ កាលពីថ្ងៃទី ២ខែមីនា ប៉ុន្តែកម្លាំងសន្តិសុខនៅតែប្រើធម៌ក្តៅកម្ចាត់បាតុករដដែល។
បណ្តាញទូរទស្សន៍ ដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានឲ្យដឹងថា«ក្រុមជ្រុលនិយមបានព្យាយាមគៀងគរមនុស្សតាមបណ្តាញសង្គម ដើម្បីបង្កើតក្រុមល្មើសច្បាប់ប្រឆាំងការដឹកនាំរបស់យោធា»។ នៅទីក្រុងYangon កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស ១២នាក់ ផងដែរ។ ប៉ុន្តែ កម្លាំងសន្តិសុខក៏បានដោះលែង មនុស្ស ៥១១នាក់ដែលបានចាប់ខ្លួននាពេលកន្លងមកនៅទីក្រុង Yangon ឲ្យមានសេរីភាពឡើងវិញ។
នៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint ប្រឈមការចោទប្រកាន់ថ្មី បន្ថែមពីរករណីផ្សេងទៀត ក្នុងនោះមានការចោទប្រកាន់បំពានច្បាប់រដ្ឋធម្មនុញ្ញ អាចនឹងត្រូវកាត់ទោសជាប់ពន្ធនាគារ ៣ឆ្នាំ។
ប្រធានាធិបតីត្រូវយោធាចាប់ខ្លួនកាលពីថ្ងៃទី១ខែកុម្ភៈ រួមជាមួយទីប្រឹក្សារដ្ឋាភិបាល លោកស្រី អោងសានស៊ូជី ។ ប្រធានាធិបតីរងការចោទប្រកាន់ពីបទបំពានច្បាប់ប្រឆាំងកូវីដ-១៩ និងការបន្លំក្នុងពេលបោះឆ្នោត៕ដោយ៖ ធីរីណា
រូបភាព៖Reuters