ព័ត៌មានទាន់ហេតុការណ៍៖

ល្បីរឿងបាត់ខ្លួនតារាភូមា Paing Takhon ក្រោយចេញមុខធ្វើបាតុកម្ម កញ្ញាឯកកម្ពុជា ប៉ូគីម ថេងសុធីតា ផ្ញើសារមួយពីចម្ងាយ

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១មកម្ល៉េះដែល តារាម៉ូឌែលដ៏ល្បីប្រចាំប្រទេសមីយ៉ាន់ម៉ា រូបនេះ បានចេញមុខចេញតវ៉ាជាមួយក្រុមបាតុកម្មគាំទ្ររដ្ឋាភិបាលរបស់អ្នកស្រីអោងសាន ស៊ូជី ក្រោយអ្នកស្រីត្រូវយោធាមីយ៉ាន់ម៉ាចាប់ឃុំឃាំងនោះ។លោកក៏ជាតារាប្រុសដែលបានបញ្ចេញមតិយ៉ាងពេញទំហឹងក្នុងការសុំការអន្តរាគមន៍ពីមជ្ឈដ្ឋានអន្តរជាតិ ដើម្បីជួយស្ដារ និងដោះស្រាយបញ្ហានានាដែលកំពុងផ្ទុះមានក្នុងប្រទេសរបស់ខ្លួនផងដែរដែល ដំបូងត្រឹមមានការបង្ហោះជាសារនៅលើបណ្ដាញសង្គម រហូតលោកបានចេញមុខធ្វើបាតុកម្មអហិង្សាផ្ទាល់ គោលបំណង គឺទាមទារឲ្យ យោធា ប្រគល់ប្រជាធិបតេយ្យដល់ ប្រទេសខ្លួនវិញនោះ។ មានការភ្ញាក់ផ្អើលខ្លាំងកាលពីម្សិលមិញនេះបន្ទាប់ពីបងស្រីរបស់លោកបានបញ្ចេញសារអំពីការបាត់ខ្លួនរបស់តារាសម្តែងរូបនេះថាមិនអាចទំនាក់ទំនងបានដែលបង្កើតឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់តារាសម្តែងរូបនេះ។ ដោយបានឃើញពីទុក្ខលំបាក និងការព្រួយបារម្ភនេះកញ្ញា ប៉ូ គីមថេងសុធីតា បានបញ្ចេញសារជូនពរពីចម្ងាយទៅកាន់ដៃគូសម្តែងរូបនេះដោយនាងបានលើកឡើងថា “ក្នុងនាមដៃគូសម្តែងរួមគ្នា នាងជូនពរឲ្យលោក PaingTakhon   មានសុវត្ថិភាព និងត្រឡប់មកជួបជុំអ្នកគ្រប់គ្នា ដែលបារម្ភពីគាត់វិញ សុំឲ្យអ្នកមានសំណាងល្អ ក៏សុំឲ្យប្រទេសរបស់គាត់ត្រឡប់មកជាសន្តិភាពក្នុងពេលឆាប់ៗនេះ។ សារអមដោយរូបថតអនុស្សាវរីយ៍ និងសកម្មភាពចេញធ្វើបាតុកម្មរបស់តារាសម្តែងភូមារូបនេះបានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងផងដែរ។

គេចាំបានដែរថា តារាសម្តែង និងបង្ហាញម៉ូតមីយ៉ាន់ម៉ាលោក Paing Takhon បាន លុបចោលគម្រោងធ្វើដំណើរមកកម្ពុជាដើម្បីថតភាពយន្តឲ្យផលិតកម្មLD Picture រឿង” នាឡិការដាស់វិញ្ញាណវគ្គ២”ដែលលោកត្រូវសម្តែងរួមគ្នាជាមួយតួឯកស្រីកម្ពុជាគឺកញ្ញាឯកអាស៊ីប៉ាស៊ីហ្វិកកម្ពុជា ឆ្នាំ២០១៩កញ្ញា ប៉ូ គីមថេងសុធីតា នោះ។ តារាសម្តែងរូបនេះបានដេកមិនសុខឡើយក្រោយជួបវឹកវរនៅក្នុងប្រទេសរបស់ខ្លួនរហូតលោកបាន ចេញមុខយ៉ាងសស្រាក់សស្រាំក្នុងមហាបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅប្រទេសភូមា។ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះបានបញ្ជាក់ថាក្រុមបាតុករនៅតែបន្តនាំគ្នាធ្វើបាតុកម្មតវ៉ា ខណៈប្រធានាធិបតីមីយ៉ាន់ម៉ាលោក យូ វីន ម្យីនត៍ ត្រូវបានបណ្ដេញចេញពីតំណែង និងបានកំពុងតែប្រឈមមុខនឹងបទចោទថ្មីចំនួន២ករណី ក្នុងនោះមានទាំងការបំពានរដ្ឋធម្មនុញ្ញដែលបទចោទមួយនេះអាចឱ្យ លោកជាប់ពន្ធនាគារ៣ឆ្នាំ។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកអាស៊ាន បានជួបប្រជុំគ្នាតាមរយៈវីដេអូខុនហ្វេរិនកាលពីថ្ងៃអង្គារ ដើម្បីស្វែងរកដំណោះស្រាយ នយោបាយបិទបញ្ចប់វិបត្តិនៅប្រទេសនេះ។ រដ្ឋមន្ត្រីទាំងនេះបានស្នើឱ្យមានការបញ្ឈប់អំពើហិង្សា និងចាប់ផ្ដើមកិច្ចចរចាមួយដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី មួយនៅមីយ៉ាន់ម៉ា។ យ៉ាងណាក៏ដោយ បាតុកម្មតវ៉ានៅតែបន្តកើតមានក្នុងទីក្រុងរ៉ង់ហ្គុន និងទីក្រុងផ្សេងទៀតរបស់មីយ៉ាន់ម៉ានៅថ្ងៃពុធ បើទោះជាមានការព្រមាន បង្ក្រាបពីយោធាក៏ដោយ។ មកទល់នឹងពេលនេះមនុស្សយ៉ាងហោច២១នាក់ហើយ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងបាតុករ គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១មក។  

គួរបញ្ជាក់ដែរថាលោក PaingTakhon  មានវ័យ២៤ឆ្នាំ គឺជាជាតារាម៉ូឌែល តារាសម្តែងនិងជាអ្នកចម្រៀង ជនជាតិមីយ៉ាន់ម៉ា។ កាលពីឆ្នាំ ២០១៨ តារារូបនេះត្រូវបានជ្រើសរើសដោយ គេហទំព័រ BuzzFeed ថាជាបុរសសង្ហា ម្នាក់ក្នុងចំណោមបុរសទាំង២៣នាក់នៅតំបន់អាស៊ីអាគ្នេយ៍ ។ លោក ក៏បានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី“ កំពូលអ្នកសំដែង ១០ នាក់” របស់កម្មវិធី Myanmar Time កាលពីពេលកន្លងទៅដែរ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖