ព័ត៌មានទាន់ហេតុការណ៍៖

កសិករឥណ្ឌាធ្វើបាតុកម្មបិទផ្លូវចូលក្រុងគម្រប់១០០ថ្ងៃនៃការផ្ទុះបាតុកម្ម

ចែករំលែក៖

កសិករឥណ្ឌារាប់ពាន់នាក់បានបិទផ្លូវចូលទៅកាន់ទីក្រុងញូវដេលី្ល ជាពេលវេលាគម្រប់១០០ថ្ងៃនៃការផ្ទុះបាតុកម្មប្រឆាំងច្បាប់កសិកម្មថ្មី ដែលពលរដ្ឋចាត់ទុកថាធ្វើឲ្យបាត់បង់ផលប្រយោជន៍កសិករ។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មកច្រកផ្លូវចូលទៅកាន់ទីក្រុងញូវដេល្លីប្រទេសឥណ្ឌាត្រូវជាប់គាំងជាងរៀងរាល់ថ្ងៃ ដោយសារតែការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានអនុម័តច្បាប់កសិកម្មថ្មី ។ ភាគច្រើនប្រជាកសិករចាត់ទុកថាច្បាប់នោះនឹងធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់ពួកគាត់។
នៅថ្ងៃទី ៦ខែ មីនា គឺជាពេលវេលាគម្រប់ ១០០ថ្ងៃ នៃការផ្ទុះបាតុកម្មក្នុងប្រទេសឥណ្ឌា ។ កសិកររាប់ម៉ឺននាក់បានដង្ហែក្បួនបាតុកម្មបិទផ្លូវចូលទីក្រុងញូវដេល្លីក្នុងឱកាសគម្រប់ខួប ១០០ថ្ងៃ ដោយការបិទផ្លូវមានរយៈពេល៥ម៉ោង ។
លោក Satnam Singh អ្នកដឹកនាំបាតុករមួយរូបបានឱ្យដឹងថា «យើងមិនចូលចិត្តក្នុងការបិទផ្លូវឡើយ ប៉ុន្តែរដ្ឋាភិបាលមិនស្តាប់ពួកយើង យើងគ្មានអ្វីដែលត្រូវធ្វើទៀតឡើយនាពេលនេះក្រៅពីបិទផ្លូវ។
ក្នុងរយៈពេលជាង៣ខែនៃការធ្វើបាតុកម្មក៏មានអំពើហិង្សាផ្ទុះឡើងជាច្រើនលើកផងដែរ ហើយការផ្ទុះអំពើហិង្សាខ្លាំងជាងគេគឺនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២១ បណ្តាលឲ្យបាតុករម្នាក់ស្លាប់ និងរាប់រយនាក់រងរបួស ។ ប៉ុន្តែក្រុមបាតុករ មិនមានបំណងឈប់ធ្វើបាតុកម្មនោះឡើយ ខណៈគោលដៅមិនទាន់បានសម្រេច។
កិច្ចពិភាក្សាជាច្រើនលើករវាង រដ្ឋាភិបាលឥណ្ឌា និឹងតំណាងកសិករ ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ កសិករមិនយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលមិនអនុវត្តច្បាប់ក្នុងរយៈពេល១៨ខែ ប៉ុន្តែពលរដ្ឋចង់ឲ្យលុបច្បាប់នោះចោលតែម្តង៕ដោយ៖ធី រីណា

រូបភាព៖ Reuters


ចែករំលែក៖