ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងការរកឃើញអ្នកជម្ងឺកូវីដ-១៩ ខណ:ម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអុឹមសុភី គឺមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងការរកឃើញអ្នកជំងឺមានកូវីដ-១៩។

រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូន សារធារណជន និងបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តព្រៃវែង ពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអុឹម សុភី ស្ថិតនៅភូមិ៣ ឃុំព្រែកខ្សាយ “ខ ” ស្រុកពាមរក៍ ខេត្តព្រៃវែង បានជ្រាបថាៈ ឈ្មោះ អុឹម សុភី ជាគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុក ពាមរក៍ ខេត្តព្រៃវែង និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអុឹមសុភី គឺមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជម្ងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ រដ្ឋបាលខេត្តបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធរួមមាន៖
១- មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍
២- អ្នកដែលបានមកសម្រាក និងពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភពអុឹម សុភី
៣- ក្រុមគ្រួសារ ប្រពន្ធ កូន និងអ្នករស់នៅជាមួយឈ្មោះ អុឹម សុភី
៤- អ្នកដែលមានការពាក់ព័ន្ធផ្សេងៗទៀត
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវបងប្អូន ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភពអុឹមសុភី គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ សូមសហការ ជាមួយសមត្ថកិច្ច និងមន្ទីរជំនាញ ដោយត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុក ពាមរក៏ ខេត្តព្រៃវែង។ ដោយឡែកចំពោះបងប្អូនដែលមិនស្ថិតនៅក្នុងព្រឹត្តិការណ៍ខាងលើ ប្រសិនបើមានរោគសញ្ញាដូចជាៈ ផ្តាសាយ ក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់ករ ឬមានរោគសញ្ញាស្រដៀង សូមអញ្ជើញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងបងប្អូនរស់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ ដែលពាក់ព័ន្ធនឹងបុរសខាងលើ ត្រូវអនុវត្ត យ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និង សហគមន៍យើងជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖