ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពីលេចឮដំណឹងនៃការរកឃើញវិជ្ជមានជំងឺកូវីដ-១៩លើពិធីការិនីល្បីឈ្មោះរបស់ទូរទស្សន៍ហង្សមាស គឺអ្នកនាងចាន់ កែវនិមល និងសមាជិកគ្រួសារមានប្តីនិងកូន។ ដំណឹងនេះបានល្បីសុសសាយពេញចង្កោមអ្នកសិល្បៈ និងត្រូវបានចែករំលែកពេញបណ្តាញសង្គម ខណៈដែលគេដឹងថាមានសិល្បករបម្រើការងារនៅទូរទស្សន៍នេះមួយចំនួនក៏អាចពាក់ព័ន្ធផងដែរ។
យោងតាមសារទម្លាយពីក្នុងចង្កោមអ្នកសិល្បៈបានបញ្ជាក់ថា ពិធីការិនីទូរទស្សន៍ហង្សមាសអ្នកនាងចាន់ កែវនិមល និងស្វាមីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំបានធ្វើតេស្ដកូវីដ-១៩ រកឃើញវិជ្ជមានទាំងគ្រួសារ ដោយគាត់បានឆ្លងពីអ្នកដឹកនាំថតម្នាក់ឈ្មោះលោកទីតូ ព្រោះអំឡុងថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅថតវីដេអូដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ប៉ត លោកទីតូ មានវិជ្ជមានកូវីដ-១៩ ។ កាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលថែមទៀតគឺក្រោយពីតារាល្បីៗ នៅផលិតកម្មហង្សមាសអាចមានជាប់ពាក់ព័ន្ធជាមួយលោកទីតូច្រើននាក់ ជាក់ស្តែងដូចជា អ្នកនាងឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មានអាការៈផ្តាសាយតែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ-១៩ ខណៈដែលលោកណុប បាយ៉ារិទ្ធ ក៏ត្រូវបានគេសង្ស័យដែរថាជាប់ពាក់ព័ន្ធនឹងករណីនេះផងដែរ។
ដំណឹងបឋមបានបញ្ជាក់ថា ចាន់ កែវនិមល និងគ្រួសារត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល គឺសណ្ឋាគារ The Great Duke (អតីតអាំងទែរកុងទីណង់តាល់) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូន។
យោងតាមសារជាសំឡេងរបស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ខាងក្រុមគ្រូពេទ្យបានចុះទៅយកប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមានចេញរោគសញ្ញាកូវីដ រួមទាំង លោក ណុប បាយ៉ារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយនៅយប់ថ្ងៃទី៨មីនា នេះ។ លោកស្រីយក់ សម្បត្តិ បញ្ជាក់ថា ក៏មានសេចក្តីរាយការណ៍ថា ពិធិការិនីហង្សមាស អ្នកនាង ចាន់ កែវនិមល បានឆ្លងកូវីដរួមទាំងប្តីនិងកូនស្រីផងដែរ។
អ្នកនាងចាន់ កែវនិមល ប្តី និងកូនស្រីរបស់គាត់អាយុ១០ឆ្នាំ បានធ្វើតេស្តរកកូវីដ-១៩ កាលពីថ្ងៃទី៧ ខែមីនា ហើយលទ្ធផលចេញមកមានកូវីដ-១៩ទាំងគ្រួសារ (៣ នាក់)។
នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះដែរ លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស បានបញ្ជាក់ការណ៍ពិតនៅក្នុងការផ្សាយព័ត៌មានព្រឹកនេះរបស់ហង្សមាសថា គិតត្រឹមព្រឹកនេះ មានតែគ្រួសារ ចាន់ កែវនិមល ប៉ុណ្ណោះដែលបានឆ្លងមេរោគសាហាវខាងលើ។ “ខ្ញុំបញ្ជាក់រឿងនេះថាចាន់ កែវនិមល និងក្រុមគ្រួសាររបស់គាត់រកឃើញវិជ្ជមានកូវីដ-១៩ គឺជាការណ៍ពិតហើយ!”។លោកបានបញ្ជាក់ថា នៅពេលនេះ កម្មវិធីតន្ត្រី ប្រដាល់ជាដើមរបស់ហង្សមាស ត្រូវបានសម្រេចផ្អាកដំណើរការរបស់ខ្លួនហើយ ហើយអ្នកដែលពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលជាមួយពិធីការិនីខាងលើ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកហើយដែរ៕
ដោយ ៖ វឌ្ឍនា