ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា, សូមជូនពរដល់ក្រុមការងារស្ម័គ្រចិត្តជួយការងារសង្គម ជាពិសេសលោក អ៊ិន ទីតូ អ្នកនាងចាន់ កែវ និមល និងស្វាមី ព្រមទាំងបុត្រ ក៏ដូចជាពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងមានសុខភាពល្អគ្រប់ៗគ្នា ។
លោករដ្ឋលេខាធិការ ក៏សូមអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ ការពារ និង ៣ កុំ ដូចខាងក្រោម ៖
៣ ការពារ ៖
១. ត្រូវពាក់ម៉ាស់ គ្រប់ពេលចេញក្រៅផ្ទះ និងទីប្រជុំជន
២. ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ឲ្យបានគ្រប់ពេល
៣. ត្រូវរក្សាគម្លាតសង្គម គម្លាតបុគ្គល ចម្ងាយ ១ម៉ែត្រកន្លះ ពីគ្នាឡើងទៅ ។
៣ កុំ ៖
១. កុំចូលទីកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក
២. កុំទៅកន្លែងដែលមានមនុស្សច្រើន
៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ។
លោក ស សុខា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំ និងថែរក្សាការពារពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានចៀសឆ្ងាយពីជំងឺកូវីដ-១៩ គ្រប់ៗគ្នាកុំបីខាន🙏🙏🙏៕
ដោយ៖ សិលា