ព័ត៌មានទាន់ហេតុការណ៍៖

លោក Joachim Low នឹងត្រូវចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់បន្ទាប់ពីព្រឹត្តិការណ៍យូរ៉ូ

ចែករំលែក៖

លោក Joachim Low នឹងលាឈប់ពីតួនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសឥន្ទ្រីដែកអាល្លឺម៉ង់បន្ទាប់ពីការប្រកួតជើងឯកអឺរ៉ុប(យូរ៉ូ) នារដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១០ ខែមីនា។ បុរសវ័យ៦១ឆ្នាំរូបនេះបានទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិប្រទេសរបស់គាត់(អាល្លឺម៉ង់)ចាប់តាំងពីចូលជំនួសលោក​ Jurgen Klinsmann កាលពីឆ្នាំ២០០៦។ គាត់មានកិច្ចសន្យារហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ប៉ុន្តែបានស្នើទៅសមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) ដើម្បីបញ្ចប់កិច្ចសន្យារបស់គាត់ឱ្យបានឆាប់។ លោក Joachim Low ដែលបានដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ទទួលជោគជ័យក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ បាននិយាយថា “ខ្ញុំបោះជំហានទៅមុខដោយមនសិការ និងការដឹងគុណយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះខ្ញុំនៅតែបន្ត មានទឹកចិត្តខ្លាំងក្លានៅពេលប្រកួតជើងឯកអឺរ៉ុបនាពេលខាងមុខនេះ” ។ លោកបានបន្តថា “ខ្ញុំមានមោទនភាពណាស់ ព្រោះជាកិត្តិយសសម្រាប់ខ្ញុំដែលបានចូលរួមហើយដោយសារតែខ្ញុំអាចធ្វើការជាមួយកីឡាករបាល់ទាត់ឆ្នើមនៅក្នុងប្រទេស និងគាំទ្រពួកគេក្នុងការអភិវឌ្ឍរបស់ពួកគេ” ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសប្រេស៊ីលលោក Low បានដឹកនាំក្រុមអាឡឺម៉ង់ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០១៦ ដែលជាកន្លែងពួកគេត្រូវបានម្ចាស់ផ្ទះបារាំងផ្តួល។ បន្ទាប់មកគាត់បានរងសម្ពាធបន្ទាប់ពីក្រុមរបស់គាត់បានចេញទៅប្រកួតជម្រុះតាមពូលនៃព្រឹត្តិការណ៍ World Cup 2018 ។ សូមបញ្ជាក់ថា អាឡឺម៉ង់ស្ថិតនៅពូល F ជាមួយបារាំង, ហុងគ្រី និងព័រទុយហ្គាល់សម្រាប់ការប្រកួតជើងឯកអឺរ៉ុប(យូរ៉ូ)នារដូវក្តៅនេះដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១១ ខែកក្កដាបន្ទាប់ពីត្រូវបានពន្យារពេលមួយឆ្នាំដោយសារតែជំងឺកូវីដ-១៩ឆ្លងរាលដាល។ ការប្រកួតបើកឆាក ក្រុមអាល្លឺម៉ង់នឹងត្រូវប៉ះក្រុមបារាំងនៅថ្ងៃទី១៥ មិថុនានៅ Allianz Arena ក្នុងទីក្រុង Munich ៕

ដោយ៖ ភារៈ


ចែករំលែក៖