អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសនៅថ្ងៃទី ១១ខែមីនា ដោយអំពាវនាវដល់បណ្តាប្រទេសបរិច្ចាគទឹកប្រាក់៥,៥ ពាន់លានដុល្លារជួយដល់ពលរដ្ឋរួចផុតពីគ្រោះអត់ឃ្លាន ដោយសារអំពើហិង្សានៅក្នុងប្រទេសចំនួន៣០ ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានបញ្ជាក់ថា មានមនុស្ស ៨៨ លាននាក់ ត្រូវទទួលរងនៅគ្រោះអត់ឃ្លាននៅឆ្នាំ២០២០ ដោយសារតែ អំពើហិង្សាកើតឡើង ដល់ទៅ២០ ភាគរយ។ នៅក្នុងឆ្នាំ២០២១ នេះចំនួនពលរដ្ឋប្រឈមនិងការអត់ឃ្លាននៅតែបន្ត ដដែល។
លោក Antonio Guterresបានអំពាវនាវដល់បណ្តាប្រទេស បរិច្ចាគប្រាក់៥,៥ពាន់លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋ ៣៤លាននាក់ ដែលប្រឈមគ្រោះអត់ឃ្លានខ្លាំងបំផុត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានស្នើដល់ប្រទេសជាសមាជិក មានវិធានការទប់ស្កាត់អំពើហិង្សាកើតឡើង ដែលបង្កឲ្យមានវិបត្តិផ្សេងៗជាច្រើន ក្នុងនោះមានគ្រោះអត់ឃ្លាន និងជនភៀសខ្លួនកើនឡើង ។
តាមអគ្គនាយក កម្មវិធីស្បៀងអាហារពិភពលោក លោក David Beasleyបានព្រមានថា នឹងមានពលរដ្ឋដល់ទៅ ២៧០ លាននាក់ ស្ថិតនៅក្នុង៣០ប្រទេស ត្រូវប្រឈមនិងគ្រោះអត់ឃ្លាននៅឆ្នាំ២០២១នេះ។ លោកបន្តទៀតថា ប្រសិនបើមិនមានសកម្មភាពទាន់ពេលវេលានោះ ពិភពលោកនឹងប្រឈមគ្រោះអត់ឃ្លានកាន់តែខ្លាំង ៕
ដោយ៖ធីរីណា