អន្តរជាតិ៖ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បាននិយាយថា នៅក្នុងខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ នៅប្រទេសជប៉ុន ស្ត្រីម្នាក់ដែលមានអាយុច្រើនជាងគេលើលោក គឺវ័យ ១១៨ឆ្នាំ នឹងក្លាយជាអ្នករត់ភ្លើងគូប។
លោកយាយ Kane Tanaka មានវ័យ ១១៨ឆ្នាំ សញ្ជាតិជប៉ុនដែលបានរស់រានមានជីវិតពីជំងឺមហារីកចំនួនពីរដង ហើយជាអ្នកចូលចិត្តពិសាភេសជ្ជៈផងនោះ នឹងកាន់យកគូបភ្លើងអូឡាំពិកពីផ្ទះនៅឯស្រុកកំណើតក្នុងក្រុង Fukuoka។ ប៉ុន្តែលោកយាយ Tanaka នឹងត្រូវអង្គុយលើរទេះរុញ ហើយគ្រួសារលោកយាយនឹងរុញរទេះនោះចម្ងាយ ១០០ ម៉ែត្រដើម្បីផ្តល់ភ្លើងគូប។
មិនតែប៉ុណ្ណោះលោកយាយ Tanaka ដែលមានអាយុលើសពី ១១០ឆ្នាំរូបនេះ បានប្តេជ្ញាដើរពីរបីជំហានចុងក្រោយនៅមុនពេលហុចគូបភ្លើងដល់អ្នករត់បន្ទាប់។
សូមរម្លឹកថា ចំពោះអ្នកមានកំណត់ត្រា កាន់គូបភ្លើងអូឡាំពិកចំណាស់ជាងគេរួមមាន៖ Aida Gemanque សញ្ជាតិប្រេស៊ីលក្នុងអាយុ១០៦ឆ្នាំ បានបំភ្លឺគូបភ្លើងនៅឯព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅក្រុងរីយ៉ូ ឆ្នាំ ២០១៦ និងអតីតអ្នកលេងវាយកូនឃ្លីលើតុ Alexander Kaptarenko ដែលបានរត់កាន់គូបភ្លើងនៅអូឡាំពិកដូវរងាសូជីឆ្នាំ ២០១៤ នៅក្នុងអាយុ ១០១ ឆ្នាំ។
គួរបញ្ជាក់ថា បើមិនមានការប្រែប្រួលអ្វីទេ អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ៕ដោយ៖ស តារា
លោកយាយ Kane Tanaka មានវ័យ ១១៨ឆ្នាំ នឹងក្លាយជាអ្នករត់ភ្លើងគូបក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ
រូបថត៖Kyodo