អន្តរជាតិ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ ចាក់លើប្រជាជនរបស់ខ្លួនចាប់ពីអាយុ៦៥ឆ្នាំឡើង។ ស្របពេលទិន្នន័យពីប្រទេសនានាបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZenecaនេះ ក្នុងចំណោមមនុស្សវ័យចំណាស់។ ហេីយចំពោះការអនុម័តនេះ នឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap បាននិយាយថា ក្រោយការអនុញ្ញាតនេះ វ៉ាក់សាំងដែលអភិវឌ្ឍរួមគ្នាជាមួយសាកលវិទ្យា Oxford នឹងត្រូវចាក់លើមនុស្សពេញវ័យទាំងអស់ បុគ្គលិកសុខាភិបាល និងអ្នកជំងឺនៅតាមកន្លែងព្យាបាលរយៈពេលវែងផងដែរ។ ប៉ុន្តែនៅថ្ងៃទី១១ ខែមីនា ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងកូរ៉េ (KCDA) ប្រកាសពីការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca លើមនុស្សវ័យ៦៥ឆ្នាំឡើង។
ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងកូរ៉េ (KCDA) អះអាងបន្តថា កង្វះទិន្នន័យលើប្រសិទ្ធិ ជាកត្តាសំខាន់ដែលកូរ៉េខាងត្បូងមិនទាន់ចាក់វ៉ាក់សាំងនេះលើមនុស្សចាស់។ ជាក់ស្ដែងកូរ៉េខាងត្បូង បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួននៅចុងខែកុម្ភៈកន្លងទៅ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង AstraZeneca ។ ខណៈវ៉ាក់សាំងរបស់ Pfizer ត្រូវបានចាក់លើមនុស្សចាស់ និងបុគ្គលិកសុខាភិបាល វ៉ាក់សាំងរបស់ AstraZeneca មិនត្រូវបានប្រើលើមនុស្សមានវ័យលើស៦៥ឆ្នាំឡើយ។
សូមជម្រាបថា ការអនុញ្ញាតរបស់កូរ៉េខាងត្បូង ធ្វើឡើងក្រោយទិន្នន័យពីប្រទេសជាច្រើនបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZeneca និង Pfizer ។ ទិន្នន័យជាក់ស្តែងពីចក្រភពអង់គ្លេស បានបង្ហាញថា វ៉ាក់សាំងរបស់ AstraZeneca និង Pfizer មានប្រសិទ្ធភាពជាង៨០ ភាគរយក្នុងការការពារការឆ្លង ជំងឺកូវីដ-១៩ លើមនុស្សចាស់ចាប់ពីអាយុ ៨០ ឆ្នាំបន្ទាប់ពីការចាក់ត្រឹមតែមួយដងប៉ុណ្ណោះ។
ការយល់ព្រមប្រើប្រាស់វ៉ាក់សាំង Astrazeneca លើមនុស្សវ័យចំណាស់នេះ នឹងជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូងដល់បុគ្គលិកថែទាំសុខភាពជាង៣៧ម៉ឺននាក់ និងអ្នកជំងឺដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅនៅតាមមណ្ឌលថែទាំសុខភាព និងកន្លែងស្តារនីតិសម្បទា។
គួរបញ្ជាក់ថាប្រជាជនកូរ៉េខាងត្បូង ប្រមាណ៥០ម៉ឺននាក់ កាលពីថ្ងៃទី១០ ខែមីនាថ្មីៗនេះ បានទទួលការចាក់វ៉ាក់សាំងដំបូងបង្អស់របស់ AstraZeneca ឬ Pfizer រួចមកហើយ។ បន្ថែមពីនេះ វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន៧លានដូសក្នុងដំណាក់កាលទី២ សម្រាប់មនុស្សប្រមាណ៣,៥លាននាក់ នឹងដឹកជញ្ជូនទៅដល់កូរ៉េខាងត្បូងនៅចន្លោះខែឧសភា និងដើមខែមិថុនាខាងមុខផងដែរ។
បច្ចុប្បន្នគិតត្រឹមថ្ងៃទី១១ ខែមីនា ម្សិលមិញនេះ កូរ៉េខាងត្បូងនៅតែបន្តមានករណីឆ្លងកូវីដ-១៩ ថ្មីជាបន្តបន្ទាប់ដែលធ្វើឱ្យមានចំនួនវិជ្ជមានសរុបកើនដល់ជាង៩ម៉ឺនករណីជាមួយនឹងចំនួនអ្នកស្លាប់ជាង១ពាន់នាក់៕ ដោយ៖ស តារា
រូបភាព៖AFP