ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​ថ្កោលទោស​ចំពោះ​អ្នកធ្វើ​ឲ្យ​កុមារ​កំព្រា​ម្នាក់​ស្លាប់ ក្នុងករណីជនល្មើសយកកាំភ្លើងដើរបាញ់សត្វ ភ្លាត់ត្រូវកុមារវ័យ១៥ឆ្នាំកន្លងទៅ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​ នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ (​ក​.​ជ​.​ក​.) បាន​ថ្កោលទោស ជនសង្ស័យ​ពីររូប ​ដែល​បាន​ប្រើប្រាស់​អាវុធ​បាញ់​សត្វ ​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ក្មេងប្រុស​កំព្រា​ស្លូត ត្រង់​ម្នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម ​នៅ​ខណ្ឌ​កំពូល ​រាជធានី​ភ្នំពេញ ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ​នៅ​ថ្ងៃទី​១១​ ខែមីនា នេះ ​បាន​លើក​ឡើងថា​ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ក៏​ដូចជា​សាធារណជន​ទូទៅ «​ពិតជា​មាន​ក្តី​រន្ធត់ តក់ស្លុត​ឥតឧបមា ​និង​មានការ​អាណិត​អាសូ​រយ៉ា​ង​ក្រៃលែង ចំពោះ ​កុមារកំព្រា​ដ៏​កំសត់​ម្នាក់ ​ដែល​បាន​ទទួល​រងគ្រោះ​បាត់បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម សោកសៅ ​និង​ខ្លោច ផ្សារ​បំផុត ដោយ​ទង្វើ​ខ្វះ​ការប្រុងប្រយ័ត្ន ​ដែល​ជនសង្ស័យ​ពីរ​នាក់ ​បាន​ប្រើប្រាស់​អាវុធ​ជា​ឧបករណ៍​កម្សាន្ត និង​បានធ្វើការ​ថ្កោលទោស​ចំពោះ​ទង្វើ​មិន​ទទួល​ខុស​ត្រូវ​របស់​ជន​សង្ស័យ​ទាំងពីរ ​ដែល​បណ្តាល​ឲ្យ​បាត់ បង់ជីវិត​ក្មេង​ប្រុស​កំព្រា​ស្លូតត្រង់​មួយរូប​។

សេចក្ដីថ្លែងការណ៍ បាន​បញ្ជាក់ថា ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​ នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ បាន​ថ្លែង​កោតសរសើរ ចំពោះ​សមត្ថកិច្ច​ជំនាញ និង​តុលាការ ​ដែល​បាន​ចាត់វិធានការ​យ៉ាង​ក្តៅ ​គគុក ​និង​ទាន់​ពេលវេលា​ ចំពោះ​ករណី​ស្លាប់​បាត់​បង់ជីវិត​កុមារា សារឿន ប៊ុន​ថា ​អាយុ១៥ឆ្នាំ ជា​សិស្ស ​នៃ អនុវិទ្យាល័យ​បែក​ចាន​ ស្នាក់នៅ​អង្គការ​សង្គ្រោះ​ជន​​អស់​សង្ឃឹម ដែល​ករណីនេះ បាន​កើតឡើង​នៅក្នុង ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​០៦ ​ខែមីនា នេះ ​ហើយ​ជាមួយ​គ្នានេះដែរ កម្លាំង​សមត្ថកិច្ច ក៏បាន ​ឃាត់ខ្លួន​ជនសង្ស័យ​ពីររូប ​ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ នៃ​ក្រុមប្រឹក្សា ជាតិ​កម្ពុជា​ដើម្បី​កុមារ ​ក៏បាន​អំពាវនាវ និង​សំណូមពរ​ដល់​ស្ថាប័ន​តុលាការ ​បន្តធ្វើ​ការស៊ើបអង្កេត និង​ផ្ដន្ទាទោស​កម្រិត​អតិបរមា (​ស្ថាន​ទម្ងន់​ទោស​លើ​ជនសង្ស័យ ដោយ​គ្មាន​ការលើកលែង​) ដើម្បី​កុំ​ឲ្យ​ទង្វើ​បែប ​នេះ​កើតមាន​ក្នុង​សង្គម​ខ្មែរ​បន្តទៀត​៕


ប្រភព៖ BTV


ចែករំលែក៖