ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមមួយដែលត្រូវបានគេចាត់ទុកថា ជាកម្មវិធីដ៏ល្អមួយដែលអាចជួយការពារទិន្នន័យនិងឯកសារសំខាន់ៗរបស់អ្នកប្រើប្រាស់ ជាពិសេសនៅពេលដែលលោកអ្នកប្រើមុខងារ Secret Chat ដែលមានជាមួយនឹងកម្មវិធីនេះ។
ជាមួយនឹងមុខងារ Secret Chat ក្រុមហ៊ុន Telegram បានប្រើប្រព័ន្ធ End-to-end encryption ដែលសូម្បីតែក្រុមហ៊ុនក៏មិនអាចមើលឃើញទិន្នន័យដែលលោកអ្នកបានផ្ញើ។ ដូច្នេះប្រសិនបើលោកអ្នកចង់ផ្ញើឯកសារ ឈ្មោះគណនី ឬលេខសម្ងាត់ដែលលោកអ្នកមិនចង់ឱ្យមានការបែកធ្លាយនោះលោកអ្នកគួរតែប្រើមុខងារនេះ។
ប៉ុន្តែអ្វីដែលកាន់តែល្អប្រសើរនោះគឺក្រុមហ៊ុនបានបន្ថែមមុខងារដែលអាចឱ្យលោកអ្នកកំណត់រយៈពេលដើម្បីលុបសារទាំងនោះចោលដោយស្វ័យប្រវត្តិបានទៀតផង។ លោកអ្នកអាចប្រើមុខងារបន្ថែមនេះនៅពេលដែលលោកអ្នកមិនចង់ឱ្យព័ត៌មាន ដូចជាលេខសម្ងាត់ត្រូវបានរក្សាទុកនៅក្នុងទូរសព្ទរបស់អ្នកទទួលក្នុងរយៈពេលយូរ ដើម្បីចៀសវាងការបែកធ្លាយព័ត៌មាននៅពេលដែលទូរសព្ទរបស់អ្នកទទួលត្រូវបានបាត់ ឬនៅពេលមានជនទីបីចូលប្រើទូរសព្ទនោះ។
សម្រាប់លោកអ្នកដែលប្រើទូរសព្ទ iPhone លោកអ្នកអាចចូលទៅប្រើមុខងារនេះដូចខាងក្រោម៖
– បើកកម្មវិធី Telegram > ជ្រើសរើសអ្នកដែលលោកអ្នកចង់ផ្ញើសារពីក្នុង Contacts
– ចុចលើឈ្មោះឬរូបភាពប្រូហ្វាលរបស់អ្នកទទួល
– ចុចលើប៊ូតុង More > ជ្រើសយក Start Secret Chat
– ចុចលើប៊ូតុងរូបនាឡិកា Timer ដើម្បីធ្វើការកំណត់រយៈពេល
គួរបញ្ជាក់ដែរថាជាមួយមុខងារ Secret Chat វានឹងប្រាប់លោកអ្នកផងដែរប្រសិនបើអ្នកទទួលបានធ្វើការថតអេក្រង់ (Screenshot) នោះ៕
ដោយ៖ សិលា