ខេត្តស្វាយរៀង៖ បុរសជាអ្នកបើករថយន្តដឹកដីម្នាក់សង្ស័យងងុយដេកបានបើករេចង្កូតទៅបុកអ្នកអង្គុយលើម៉ូតូទាំងកំរោលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចឱ្យមកជួយធ្វើអន្តរាគមន៍ដឹកទៅកាន់មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៤២និង១៤៣ ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលបើករថយន្តបង្កហេតុមានឈ្មោះព្រុំ សាមិត អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តដឹកដី រស់នៅភូមិទួលអំពិល ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ចំណែកអ្នកអង្គុយនៅលើម៉ូតូដែលត្រូវេថយន្តដឹកដីរងរបួសធ្ងន់មានឈ្មោះឥន សារ៉ន អាយុ៤៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ រស់នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកHYUNDAI ពណ៌ខៀរ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៧៩៤៥ ក្នុងទិសដៅពីលិចទៅកើតនៅលើផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែឃើញរថយន្តនេះរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកHONDA DREAM ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G-៨៥៦៧ ដែលឈប់នៅលើចិញ្ចើមផ្លូវប៉ែកខាងជើង យ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលបុរសអង្គុយលើមូតូរងរបួសធ្ងន់ (បាក់ភ្លៅខាងឆ្វេង) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិតភ្លាមៗ។
ក្រោយមកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ រួចហើយវាស់វែងមធ្យោបាយរថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់។
សមត្ថកិច្ចនគរបាលស្រុកបានបញ្ជាក់ថាមូលហេតុដោយសារតែអ្នកបើកបររថយន្តងងុយដេកទើបបង្កករណីគ្រោះថ្នាក់ចរាចរណ៍នេះឡើង៕
ដោយ៖យឹម សុថាន