ភ្នំពេញ៖ បើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍ បានបង្ហោះនៅលេីបណ្ដាញសង្គមថា៖ បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាសនិងទីកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ចំណែកការរក្សាគម្លាតសុវត្ថិភាព បុគ្គល ត្រូវមានយ៉ាងតិច ១,៥០ ម៉ែត្រ(មួយម៉ែត្រក្បៀសហាសិបសង់ទីម៉ែត្រ) ហើយត្រូវអនុវត្តជាកាតព្វកិច្ចនៅទីកន្លែងធ្វើការ ទីតាំងអាជីវកម្ម ឬទីកន្លែងសាធារណៈនានាដែលមានមនុស្សច្រើន តាមការកំណត់របស់ក្រសួងសុខាភិបាល។
ក្នុងករណីដែលការរក្សាគម្លាតសុវត្ថិភាពបុគ្គល មិនអាចធ្វើទៅបានដោយមូលហេតុ ជាអាទិ៍ សុខភាព កាយសម្បទា សកម្មភាពការងារ ស្ថានភាពមុខរបរ ឬកាលៈទេសៈនៃសកម្មភាព បុគ្គលនោះត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការពាក់ម៉ាស់។
លោក គឹម សន្តិភាព បន្តថា ចំពោះអំពីទណ្ឌកម្ម៖
ការព្រមាន និងការណែនាំ រួមទាំងការពិន័យអន្តរការណ៍ធ្វើឡើងតែចំពោះអ្នកដែលមានកាតព្វកិច្ចពាក់ម៉ាស ឬ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល តាមការកំណត់របស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ!៕ដោយ៖ស តារា