អន្តរជាតិ៖ បន្ទាប់ពីអូទ្រីស និងរដ្ឋសមាជិកមួយចំនួនតវ៉ាពីការបែងចែកវ៉ាក់សាំងកូវីដ-១៩ មិនស្មើគ្នា ក្នុងចំណោមប្រទេសសមាជិក EU ទាំងអស់។ ស្រាប់តែនៅថ្ងៃទី១៣ ខែមីនា នាពេលថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ពីការពារគោលនយោបាយបែងចែកវ៉ាក់សាំងនេះ ឱ្យរដ្ឋាសមាជិកទាំងអស់ដែលអនុវត្តតាមគោលការណ៍ស្មើៗគ្នា។ ហេីយមេដឹកនាំប្រទេសអឺរ៉ុប នឹងជួបគ្នានៅចុងខែមីនា ដើម្បីជជែកពីការបែងចែកវ៉ាក់សាំងនេះ។
ជាក់ស្ដែងមេដឹកនាំរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន៦ បានផ្ញើលិខិតរួមគ្នាទៅកាន់គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ដោយបានត្អូញត្អែររឿងបែងចែកវ៉ាក់សាំងមិនស្មើគ្នាក្នុងចំណោមរដ្ឋសមាជិកទាំងអស់។ មិនតែប៉ុណ្ណោះមេដឹកនាំ ឆែក ប៊ុលហ្ការី ឡេតូនី ស្លូវេនី និងក្រូអាស៊ី ក៏ស្នើឱ្យអឺរ៉ុបបើកកិច្ចប្រជុំមួយដើម្បីជជែកពីបញ្ហាមួយនេះ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ដេីម្បីឆ្លើយតបការត្អូញត្អែររបស់រដ្ឋសមាជិក គណៈកម្មការអឺរ៉ុប បានលើកឡើងថា វ៉ាក់សាំងត្រូវបានបែងចែកទៅតាមសមាមាត្រនៃប្រជាជនក្នុងប្រទេសនីមួយៗ និងទិន្នន័យការរាលដាលជំងឺកូវីដ-១៩ ជាដើម។ បន្ថែមពីនេះ ប្រទេសដែលមានករណីឆ្លងខ្លាំង ក៏អាចទទួលវ៉ាក់សាំងច្រើនជាងប្រទេសឯទៀតដែរ ប្រសិនបើរដ្ឋាភិបាលខ្លះមិនចង់ជ្រើសយកជម្រើសចែកតាមចំនួនប្រជាជននោះ។
ដោយឡែកជុំវិញបញ្ហានេះដែរ បេីមែនទែនទៅ គណៈកម្មការអឺរ៉ុប រងការរិះគន់យូរមកហើយរឿងបែងចែកវ៉ាក់សាំងនេះ ព្រមគ្នានឹងចាប់ផ្ដើមយឺតតាំងពីដើមទីមកនោះ។ ចំណែកអធិការបតីអូទ្រីស សេបាស្ទៀន ឃើស និយាយនៅថ្ងៃទី១២ ខែមីនា ថា ការបែងចែកវ៉ាក់សាំង ធ្វើឡើងមិនបានស្មើគ្នាឡើយ ទោះជារដ្ឋាភិបាលសមាជិកទាំង២៧ឯកភាពគ្នារួចហើយក្ដី។ បើតាមមេដឹកនាំអូទ្រីស ម៉ាល់ត៏ នឹងទទួលបានវ៉ាក់សាំងច្រើនជាងបីដងធៀបនឹងប៊ុលហ្ការីដែលមានប្រជាជនច្រើនជាង។
គួរបញ្ជាក់ថា មេដឹកនាំប្រទេសទាំង៦ នៅក្នុងលិខិតរួមគ្នាលើខាងនេះ បានស្នើឱ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល រៀបចំការពិភាក្សាមួយលើបញ្ហាសំខាន់នេះជាមួយមេដឹកនាំផ្សេងទៀត។ បើតាមមន្រ្តីអឺរ៉ុប លោក មីឈែល ទទួលបានលិខិតរួចហើយ ឯជំនួបមេដឹកនាំនឹងធ្វើនៅថ្ងៃទី២៥ និងទី២៦ ខែមីនាខាងមុខ៕ដោយ៖ស តារា