ខេត្តរតនគិរី៖ កូនប្រុសមេការក្រុមហ៊ុនចំការចេកក្នុងស្រុកលំផាត់ម្នាក់ត្រូវបានឪពុកនារីរងគ្រោះកម្មករចំការចេកក្រុមហ៊ុនជាមួយគ្នាប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនពីបទចាប់រំលោភកូនស្រីរបស់ខ្លួន។
ឪពុកជនរងគ្រោះដាក់ពាក្យបណ្តឹងនោះនៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១ហើយសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីឈ្មោះ ស យ៉ុង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចំការចេករស់នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី។
ប្រភពបានឱ្យដឹងថាការប្ដឹងនោះបានរាយការណ៍ថាកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នៅវេលាម៉ោងប្រហែល ២១៖០០នាទីយប់ ឈ្មោះ រ៉ន សុខលី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចំការចេកនិងត្រូវជាកូនប្រុសលោកមេការម្នាក់ ឈ្មោះ ឆាន រ៉ន ភេទប្រុស អាយុ ៤៩ឆ្នាំ បានមកចាប់រំលោភកូនស្រីរបស់ខ្លួន។
នារីរងគ្រោះឈ្មោះ ឡ.ស្រ.ឡ.អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចំការចេកដូចគ្នានៅចំណុចផ្ទះស្នាក់នៅរបស់កម្មករ ស្ថិតក្នុងភូមិឃុំខាងលើ រួចបានរត់គេចខ្លួនទៅស្រុកកំណើតវិញនៅឯភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងបាត់តែម្តង។
ក្រោយពីឪពុកជនរងគ្រោះដាក់ពាក្យបណ្តឹងសមត្ថកិច្ចមានចំណាត់ការបែបណាគឺមិនទាន់ដឹងនៅឡើយហើយមជ្ឈដ្ឋានជុំវិញក៏កំពុងរង់ចាំមើលបន្តទៀតដែរ៕
ដោយ៖ ជីវ័ន្ត