ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ លោក​ ស​ សុខា​ រួមគ្នាបំបាត់អំពើហិង្សានៅក្នុងគ្រួសារ !

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាម​ការលើកឡើង​នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និងកីឡា​ នៅរសៀលថ្ងៃអង្គារទី​១៦ ខែមីនា ឆ្នាំ​២០២១នេះថា៖​ យើងសង្កេតឃើញថា នៅលើពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជាយើង អំពើហិង្សានៅក្នុងគ្រួសារពីសំណាក់បុរសជាស្វាមី ជាឪពុក ទៅលើស្ត្រីជាភរិយា និងកូនៗ នៅតែកើតមានជាបន្តបន្ទាប់ បើទោះបីថ្នាក់ដឹកនាំប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ និងស្ថាប័ន ឬអង្គភាពអនុវត្តច្បាប់ប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារក៏ដោយ។

អំពើហិង្សានៅក្នុងគ្រួសារ ពុំមានផលចំណេញអ្វីទាល់តែសោះ សម្រាប់ក្រុមគ្រួសារនីមួយៗ ។ ផ្ទុយទៅវិញអំពើហិង្សាក្នុងគ្រួសារនេះ មានតែបង្កឲ្យបែកបាក់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិ បង្ករបួស និងស្លាប់បាត់បង់ជីវិតប្រពន្ធកូនតែប៉ុណ្ណោះ។ ទីបំផុតទៅ ស្វាមីត្រូវប្រឈមនឹងផ្លូវច្បាប់ ពេលខ្លះត្រូវជាប់ពន្ធនាគារក៏មាន បន្សល់ទុកកូនកំព្រាម្តាយ និងកេរ្តិ៍អាសោចដែលមានឪពុកជាឃាតក ជាអ្នកទោសជាប់ពន្ធនាគារជាដើម។

ក្នុងនោះដែរ បុរសជាស្វាមីមួយចំនួនតូច មានការយល់ច្រឡំ គិតថា ខ្លួនជាមេគ្រួសារ ជាអ្នករកលុយផ្គត់ផ្គង់គ្រួសារ ត្រូវមានអំណាចគ្រប់គ្រងលើប្រពន្ធកូន អាចវាយធ្វើបាបប្រពន្ធកូន តាមចិត្តរបស់ខ្លួន ។ ស្វាមីខ្លះ យកលេសខ្លួនស្រវឹង ហើយក៏វាយធ្វើបាបប្រពន្ធកូន ដោយគិតថា ខ្លួនមិនមានទោសពៃឡើយ។ ចំណែកឯស្វាមីខ្លះទៀត ដើរផ្លូវខុសញៀនថ្នាំ ក៏វាយធ្វើបាបប្រពន្ធកូន ដោយគិតថា ខ្លួនវង្វេងស្មារតីមិនដឹងអី។ ស្វាមីមួយចំនួនទៀត វាយធ្វើបាបប្រពន្ធកូនជាប្រចាំ អាងតែប្រពន្ធមិនតបត មិនប្តឹង បានដៃ។

ចំពោះរាល់ការគិត ការយល់ និងការប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធកូនរបស់ស្វាមីមួយចំនួនខាងលើនេះ គឺជាការយល់ច្រឡំ និងជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរបំផុត។ លើសពីនេះទៅទៀត គ្រប់ស្វាមីដែលប្រព្រឹត្តអំពើហិង្សាទៅលើប្រពន្ធកូន សុទ្ធតែមានទោសដែលមានចែងនៅក្នុងច្បាប់ ពោលគឺស្វាមីមិនអាចប្រើអំពើហិង្សាទៅលើប្រពន្ធកូនជាដាច់ខាត ព្រោះវាអំពើខុសច្បាប់ទាំងស្រុង។

ក្នុងនាមស្វាមី និងជាឪពុកមួយរូប ខ្ញុំសូមអំពាវនាវដល់ស្វាមី និងឪពុកទាំងឡាយ សូមបញ្ឈប់រាល់ការប្រើអំពើហិង្សាទៅលើប្រពន្ធកូន ដោយប្តូរមកវិញនូវការផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូន និងជាបង្គោលដ៏រឹងមាំសម្រាប់ក្រុមគ្រួសារ។

រួមគ្នាបំបាត់អំពើហិង្សានៅក្នុងគ្រួសារ ដោយផ្តើមចេញពីស្វាមីគ្រប់រូប !​ សូមជូនពរគ្រប់ក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល ស្រលាញ់គ្នាដល់ចាស់កោងខ្នង កើតកូនពូនជាចៅ និងជោគជ័យគ្រប់ភារកិច្ចកុំបីខាន៕ដោយ​៖ស​ តារា​


ចែករំលែក៖