ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តLexus GS300ក្នុងល្បឿនលឿន និងវ៉ាជែងមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វេីឱ្យអ្នកបើករថយន្តនិងអ្នករួមដំណេីររងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រអគ្គិសនីកម្ពុជាទី២ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាក LEXUS GS300 ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08- 2.3480 បេីកបរដោយបុរសម្នាក់ និងអ្នករួមដំណេីរម្នាក់ទៀតធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុទំនងជាអ្នកបើករថយន្តនេះបើកវ៉ាជែងម៉ូតូក៏ជ្រុលចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តខូចផ្នែកខាងមុខស្ទេីរទាំងស្រុង រីឯអ្នកបេីកបរនិងអ្នករួមដំណេីររងរបួសខ្លួនប្រាណតិចតួច ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួសផងដែរ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ