ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួសភ្លាមៗ បន្ទាប់ពីរូបគាត់បើកម៉ូតូស៊ុយហ្ស៊ុយគីនិចមិនគោរពភ្លើងស្តុប ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង នៅផ្លូវបំបែកជាបួនពេញទំហឹង កាលវេលាម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចភ្លើងស្តុបវិទ្យាល័យព្រះយុគន្ធរ ផ្លូវលេខ១០៥ កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញស្ត្រីម្នាក់បេីករថយន្តម៉ាកកាមរី ហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-9372 តាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុផ្លូវបំបែកជាបួន ក៏បន្តដំណើរទៅមុខជាបន្តទៀត ដោយសារតែភ្លើងស្តុបអាទិភាពរបស់ខាងរថយន្ត ហេីយគាប់ជួនពេលនោះដែរក៏ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាក ស៊ុយហ៊្សុយគីនិច ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1CN-3612 តាមបណ្ដោយផ្លូវលេខ១០៥ក្នុងទិសដៅ ពីជេីងទៅត្បូងដោយប្រើល្បឿនលឿន ហើយបំពានភ្លើងស្តុប ក៏ជ្រុលទៅបុករថយន្ត ហាយប្រ៊ីដ បញ្ឆិតរះមួយចំហៀង ខាងស្តាំបណ្ដាលឲ្យរងខូចខាតក្រពឹតឆូតថ្នាំ បាក់កញ្ចក់មេីលក្រោយចំហៀងខាងស្ដាំ ។ ចំណែកខាងម៉ូតូវិញរងការខូចខាតផែ្នកខាងមុខ និងធ្វើឲ្យអ្នកបើកម៉ូតូរងរបួសត្រង់ក្បាលសន្លប់បាត់ស្មារតី ត្រូវបានបញ្ជូនតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
ក្រោយពេលកេីតហេតុ ដោយសារតែអត់មានដំណោះស្រាយរវាងម្ចាស់រថយន្ដនិងម្ចាស់ម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះទៅធ្វើការវាស់វែងយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ