ព័ត៌មានទាន់ហេតុការណ៍៖

វិជ្ជមានកូវីដ-១៩ ចំនួន២នាក់ថ្មីទៀតដែលម្នាក់ជាអ្នកនិពន្ធនៅហង្សមាសនិងម្នាក់ទៀតពាក់ព័ន្ធតារាកំប្លែង ស្រីអុីត

ចែករំលែក៖

ភ្នំពេញ៖ ការធ្វើតេស្តលើកទី២បានឱ្យដឹងថា អ្នកនិពន្ធល្បីឈ្មោះម្នាក់ទៀតនៅហង្សមាសគឺលោក ម៉ម មិថុនា រកឃើញវិជ្ជមានកូវីដ-១៩ ។ ក្រោយពីរកឃើញវិជ្ជមានជំងឺនេះ សមាជិកគ្រួសាររបស់លោកចំនួន៥នាក់ទៀតក៏ត្រូវបានសង្ស័យថាមានវិជ្ជមានកូវីដ-១៩ផងដែរ ប៉ុន្តែមិនទាន់ទទួលលទ្ធផលនៅឡើយទេ។
លោកម៉ម មិថុនាបានក្លាយជាបុគ្គលិកទី៨របស់ក្រុមហ៊ុនហង្សមាសហើយដែលរកឃើញវិជ្ជមានជំងឺផ្លូវដង្ហើមមួយនេះបន្ទាប់ពីលោក ណុប បាយ៉ារិទ្ធិ អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត ពិធីការិនីអ្នកនាង ចាន់ កែវ និមល គ្រូភ្លេងលោក សាន់ សុវណ្ណឌីន អ្នកដឹកនាំសម្តែង លោក អុីកូ វ៉ាក់សុង និង អ្នកដឹកនាំសម្តែង និងនិពន្ធបទចម្រៀងលី ស៊ីនហួន។ លោក ម៉ម មិថុនាគឺជាអ្នកនិពន្ធដ៏មានប្រជាប្រិយ ហើយលោកមានទីលំនៅផ្ទះលេខ៣៤D ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលតាមការបញ្ជាក់របស់លោកនោះគឺនៅមិនទាន់ដឹងប្រាកដក្នុងចិត្តនោះទេថាបានឆ្លងពីបុគ្គលណានោះ ។
ជាមួយគ្នានេះមានការភ្ញាក់ផ្អើលផងដែរក្រោយពីមន្ត្រីមូលដ្ឋានខណ្ឌឫស្សីកែវ បានប្រកាសពីការរកឃើញបុរសអាយុ៤១ឆ្នាំ ម្នាក់ទៀតហើយដែលពាក់ព័ន្ធជាមួយអ្នកជំងឺ សេង ចិន្តា ហៅអ៉ីត តារាកំប្លែង CTN និងមានអ្នកពាក់ព័ន្ធ ៣នាក់ផ្សេងទៀត ។
បុរសដែលមានផ្ទុកជំងឺកូវីដ-១៩នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ និងត្រូវបានក្រុមការងារក្រសួងសុខាភិបាលបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ។ មន្ត្រីមូលដ្ឋានបានសម្រេចបិទទីតាំងនេះបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័កនៅកន្លែងកើតហេតុ រយៈពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩។ ក្រុមហ៊ុន និងផលិតកម្មហង្សមាស ដែលមានតួលេខខ្ពស់ក្នុងការរកឃើញបុគ្គលិកជាផលិតករ និងសិល្បករដែលមានវិជ្ជមានជំងឺនេះ ខណៈ សិល្បករទូរទស្សន៍ CTN ម្នាក់ គឺអ្នកនាងស្រីអុីត បានរកឃើញវិជ្ជមានកាលពីប៉ុន្មានថ្ងៃមុនេះនិង អ្នកគ្រប់គ្រងការផ្សាយរបស់ទូរទស្សន៍ថោនម្នាក់គឺលោក ហាក់ សុខហេង ក៏ត្រូវបានរកឃើញវិជ្ជមានដែរ ខណៈដែលបុគ្គលិកជាច្រើនត្រូវបន្តតាមដាន និងដាក់ឲ្យធ្វើចត្តាឡីស័កនោះ៕
ដោយ វឌ្ឍនា


ចែករំលែក៖