ខ្សែបម្រើ Aaron Ramsey របស់ក្រុមសេះបង្កង់ Juventus ត្រូវបានគេដាក់ឲ្យមានក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិវែលសំរាប់ការប្រកួតជម្រុះ World Cup នៅខែនេះទោះបីខកខានការប្រកួតចុងក្រោយរបស់ក្លិបគាត់ដោយសារបញ្ហាភ្លៅក៏ដោយ។ យោងតាមការចេញផ្សាយរបស់រ៉យទ័របានឲ្យដឹងថា ក្លិបសេះបង្កង់បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលប្រកួតថា Ramsey មានវ័យ៣០ឆ្នាំបានខកខានបង្ហាញខ្លួនឲ្យក្រុមម្ចាស់ជើងឯកលីគកំពូលអុីតាលីក្នុងលទ្ធផល ៣-១ នៃការប្រកួត Serie A ជាមួយ Cagliari ដោយសារតែបញ្ហារបួសភ្លៅខាងឆ្វេងរបស់គាត់។ ខ្សែបម្រើកណ្តាលរបស់ក្រុម Stoke City គឺកីឡាករ Joe Allen បានវិលត្រឡប់មកជួយក្រុមជម្រើសជាតិវែលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីបានជាសះស្បើយពីរបួសកជើងដែលបានធ្វើឲ្យរូបគេអវត្តមានពីកម្មវិធី Nations League កាលពីឆ្នាំមុន។ អ្នកចាំទី Wayne Hennessey ក៏ត្រូវបានបញ្ចូលទៅក្នុងក្រុមទាំង៣១រូបបន្ទាប់ពីបានជាពីរបួស។ ទោះយ៉ាងណាខ្សែការពារ David Brooks ត្រូវអវត្តមានដោយសារបញ្ហាកជើង។ ជាមួយគ្នានេះ ជំនួយការគ្រូបង្វឹកជម្រើសជាតិវែលលោក Robert Page នឹងដឹកនាំក្រុមក្នុងករណីអវត្តមានរបស់លោក Ryan Giggs ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាពីបទសង្ស័យរំលោភសេចក្តីទុកចិត្ត បន្ទាប់ពីមានការរំខាននៅផ្ទះរបស់គាត់ ទោះបីជាគាត់បដិសេធការចោទប្រកាន់ក៏ដោយ។ បណ្តាញសារព័ត៌មានអង់គ្លេសបានរាយការណ៍ថា គាត់បានបន្តនៅក្រៅឃុំរហូតដល់ថ្ងៃទី១ ខែឧសភា។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិវែលធ្វើដំណើរទៅជួបប៊ែលហ្សុិកនៅថ្ងៃទី២៤ ខែមីនាមុនពេលធ្វើជាម្ចាស់ផ្ទះប្រកួតមិត្តភាពជាមួយម៉ិកស៊ិក៣ថ្ងៃក្រោយមកនៅកីឡដ្ឋាន Cardiff ។ ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមសាធារណរដ្ឋឆេកក្នុងវគ្គជម្រុះនៅថ្ងៃទី៣០ ខែមីនា ៕
ដោយ៖ភារៈ