ខេត្តរតនគិរី៖ ទីបំផុត! ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ដាក់ទណ្ឌកម្មកម្រិតធ្ងន់ តាមវិន័យរដ្ឋបាល បន្ទាប់ពីបុរសម្នាក់ ដែលជាអ្នកបេីករថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្ត ដឹកសពស្ត្រីពោះធំម្នាក់ទៅទម្លាក់ចោលកណ្តាលផ្លូវ ទោះបីជាសាច់ញាតិ សុំអង្វរឲ្យដឹកដល់ផ្ទះយ៉ាងណាក៏ដោយ ក៏អ្នកបើកបររថយន្តសង្គ្រោះនោះមិនព្រមដែរ។ ក្រោយមកសពស្រ្តីរូបនេះ ត្រូវបានសាច់ញាតិដឹកអូសតាមម៉ូតូយកមកផ្ទះវិញ។
បេីយោងតាមសេចក្តីបំភ្លឺរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ មន្ទីរពេទ្យបង្អែកខេត្តបានអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះ ម៉ាកឡង់គ្រីស័រ ស្លាកលេខររដ្ឋ១២ 2-0129 បើកបរដោយឈ្មោះ អ៊ន ប៊ុនឡេង បានដឹកស.ពស្ត្រីម្នាក់ឈ្មោះ គ្វឹម ម៉ក់ (បើតាមគ្រួសារថាឈ្មោះ កាវែម ពូន) អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ។
ក្នុងសេចក្តីបំភ្លឺដដែល បន្តថា លុះដឹកដល់ចំណុចស្ពានអូរលីង ស្ថិតនៅក្បែរភូមិឃួន ឃុំកោះពាក្យ ស្រុកវើនសៃ បុគ្គលអ្នកបើកបរឈ្មោះ អ៊ន ប៊ុនឡេង បានសម្រេចចិត្តដាក់សពស្ត្រីខាងលើ ចុះដោយឯកឯង ។ ហើយសព ត្រូវក្រុមគ្រួសារដឹកបន្តដោយម៉ូតូទៅលំនៅដ្ឋានរបស់ខ្លួន ។
សូមជម្រាបថាករណីនេះ វាជាទង្វើផ្ទាល់របស់សាមីខ្លួនអ្នកបើកបរ ដែលបានប្រព្រឹត្តខុសឆ្គងទៅនឹងវិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព ។ ដូច្នេះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ពិតជាមានការសផកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើង ។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្តរតនគិរី បាននិងកំពុងរៀបចំដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាល ស្របតាមកម្រិតទម្ងន់កំហុសឆ្គង ដក់អ្នកបើកបររូបនោះ ។ មន្ទីរសុខាភិបាលខេត្ត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារនៃសព ចំពោះទង្វើមិនសមរម្យរបស់អ្នកបើកបររថយន្តគិលានស្គ្រោះ ឈ្មោះ អ៊ន ប៊ុនឡេង ផងដែរ ។
បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្ត នឹងធ្វើការកែសម្រួលការគ្រប់គ្រង មិនឲ្យមានករណីនេះកើតឡើងទៀតទេ ។
គួររម្លឹកថា ហេតុការណ៍ខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ ហើយត្រូវបានគេខំព្យាយាមលាក់បាំង ក៏ប៉ុន្តែត្រូវបែកធ្លាយ ក្រោយពីស្ត្រីពោះធំនោះឆ្លងទន្លេមិនរួច ក៏បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តរួចមកយូរថ្ងៃហើយ ។ ចំណែកសពស្ត្រីពោះធំត្រូវសាច់ញាតិដឹកអូសតាមម៉ូតូគួរឱ្យសង្វេគ ក្រោយរថយន្តសង្គ្រោះទម្លាក់ចោល បេីទោះបីជាសាច់ញាតិសុំអង្វរឲ្យដឹកដល់ផ្ទះយ៉ាងណាក៏ដោយ ក៏អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់នោះមិនព្រមដែរ។
ចំណែកបុរសជាប្តីមានឈ្មោះ យែន យន្ត មានមុខរបរធ្វើចំការ រីឯសពស្ត្រីពោះធំឆ្លងទន្លេមិនរួចនោះឈ្មោះ កាវែម ពូន អាយុ៣១ឆ្នាំ ជនជាតិក្រឹង ហើយមានកូនស្រី២នាក់ អាយុ៧ឆ្នាំ និង៨ឆ្នាំ រស់នៅភូមិឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ។
ដោយឡែកបើតាមសម្តីបងប្រុសស្រ្តីរងគ្រោះឈ្មោះ កា វែមវាំង ក៏បានឲ្យដឹងថា ប្អូនស្រីរបស់ខ្លួនបានឈឺពោះឆ្លងទន្លេកូនទី០៣ ដែលបានមកដល់មន្ទីរពេទ្យខេត្តនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ។ ខណៈនោះ ក្រុមគ្រូពេទ្យហាក់ដូចជាមិនសូវមើលថែទាំឲ្យបានដិតដល់ នោះទេ ព្រមទាំងប្រើពាក្យសំដីមិនសមរម្យ គ្មានសុជីវធម៌ទៀតផង។ ហើយក្រុមគ្រូពេទ្យប្រាប់ថា មិនអាចសង្គ្រោះបានទេ ទោះជាវះកាត់យកកូនចេញក៏ស្លាប់ មិនវះក៏ស្លាប់ដែរ ។
លោក កា វែមវាំង បន្តថា លុះរហូតមកដល់ម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ស្រាប់តែអាការអ្នកជំងឺ (ស្ត្រីពោះធំ) នោះ ធ្វើទុក្ខកាន់តែខ្លាំង ក៏បានដាច់ខ្យល់បាត់បង់ជីវិតតែម្តង ហើយក៏បានដឹកបញ្ជូនសពតាមរថយន្តសង្គ្រោះរបស់ពេទ្យ មកដល់ចំណុចការ៉ាស់សាំង ផ្លូវបំបែកចូលឃុំកាចូន ក៏ស្រាប់តែអ្នកបើកបរចង់រកទម្លាក់ស.ពចោលម្តងនៅទីនោះ ប៉ុន្តែសាច់ញាតិសុំអង្វរក៏យល់ព្រមដឹកទៅមុខទៀត លុះរហូតមកដល់ចំណុចស្ពានអូលីង អ្នកបើកបររអ៊ូរថា ផ្ទះឆ្ងាយពេក ក៏ទំលាក់ស.ពចោល នៅក្រោមដើមឈើក្បាលស្ពាននោះតែម្តង ។
ក្រោយពីរថយន្តទម្លាក់រួចមក សាច់ញាតិក៏បានបន្តដឹកតាមម៉ូតូទៅដល់ផ្ទះ ទាំងស្ថានភាពសាកសពឡើងរឹង និងពោះធំផង គឺមានការលំបាកខ្លាំងណាស់ ទើបធ្វើឲ្យសពស្ត្រីរងគ្រោះអូសដាច់រលាត់ជើងសព ពិតជាគួរឲ្យសង្វេគណាស់ ។ ចំណែកអ្នកបើកបររថយន្តសង្គ្រោះក៏បានឆ្លើយអះអាងប្រាប់ទៅថ្នាក់លើថា អ្នកភូមិគេតំណមមិនឲ្យយកស.ពស្ត្រីពោះធំឆ្លងទន្លេមិនរួចចូលភូមិទេ រីឯក្រុមគ្រួសារសព ក៏ទាមទារឲ្យដាក់ចុះនៅត្រឹមនោះតែម្តងទៅ ។
ជុំវិញករណីនេះដែរ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ក៏បានលើកឡើងថា លោកកំពុងតែធ្វើការដោះស្រាយ ហើយបានរាយការណ៍ទៅកាន់ថ្នាក់ខេត្ត ដើម្បីធ្វើការពិន័យទៅលើអ្នកបើកបរដែលដឹកសពមិនដល់គោលដៅ ។ ហើយនេះក៏ពុំមែនជាលើកទី១នោះទេ ដែលអ្នកបើកបររថយន្តធ្វើរបៀបនេះ នឹងចាត់វិធានការទៅលើក្រុមគ្រូពេទ្យ ដែលប្រព្រឹត្តខុសក្រមសីលធម៌ វិជ្ជាជីវៈ គ្មានសីលធម៌ ទង្វើទៅលើជនជាតិដើមភាគតិច និងជនក្រីក្របែបនេះ ។
ជាមួយគ្នានេះអ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី ដែលជាព្រឹទ្ធាចារ្យជនជាតិភាគតិច លោក ប៊ូ ឡាំ ក៏បានសម្ដែងការមិនពេញចិត្ត ហើយក៏មានប្រសាសន៍តាមទូរស័ព្ទ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នេះថា ករណីដឹកស.ពកាត់ភូមិ ឬដឹកចូលភូមិ គឺជនជាតិដើម លែងមានតំណមដូចពីមុនទៀតហើយ រីឯទង្វើរបស់ក្រុមគ្រូពេទ្យ និងអ្នកបើកបរខាងលើ វាជាការរើសអើង ទៅលើក្រុមជនជាតិដើមភាគតិច យ៉ាងពិតប្រាកដហើយ ៕
ដោយ៖សហការី