ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា៖​ នៅថ្ងៃទី២៦ មីនានេះ​វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន នឹងមកដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ២០២១ខាងមុខនេះ។

បើតាមរយៈសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមីនានេះ​ បានគូសបញ្ជាក់ថា៖ «នៅពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹងរបស់ភាគីមិត្តចិន ដែលយើងបានទិញ Sinovac ចំនួន១,៥លានដូស»។

លើសពីនេះ​ សម្តេចតេជោ ហ៊ុន សែន ថ្លែង​បន្ត​ថា ក្រៅពីវ៉ាក់សាំងនេះ ក៏សល់ជំនួយវ៉ាក់សាំង Sinopharm របស់មិត្តចិនចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងបានទទួលមុនចូលឆ្នាំខ្មែរផងដែរ។

ជាមួយគ្នានេះ​ សម្តេចតេជោ ហ៊ុន សែន​ បានស្នើគណៈកម្មការចំពោះកិច្ចដើម្បីការចាក់វ៉ាក់សាំង ដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផ្តល់អាទិភាពសម្រាប់អ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅទីក្រុងភ្នំពេញ ដែលជាតំបន់រាតត្បាត ដែលសម្រាប់មនុស្សចាស់គឺងាយឆ្លង។

សូមជម្រាបថា​ កម្ពុជា​ រហូតមកដល់ពេលនេះ បានទទួលវ៉ាក់សាំងចំនួន២ប្រភេទ នោះគឺ Sinopharm ដែលជាជំនួយរបស់ភាគីចិនជំហានដំបូងចំនួន៦០ម៉ឺនដូស និង Astra Zeneca ជាង៣២ម៉ឺន ដែលជាជំនួយតាមរយៈយន្តការកូវ៉ាក់។

ដោយឡែក​ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កងទ័ព និងមន្រ្តី និងជនស៊ីវិល បានជាង៣០ម៉ឺននាក់ ដែលក្នុងនោះក្រសួងសុខាភិបាល ចាក់បាន ១៩៨៤៤៧នាក់ ដោយវ៉ាក់សាំងទាំងពីរប្រភេទទាំងស៊ីណូហ្វាម និងអាស្រ្តាសេនេហ្កា ដោយឡែកកងទ័ពគឺចាក់បានចំនួន ១០៩៧៥៦នាក់ ហើយចាក់ដូសទី២ បាន៨១៣៧១នាក់៕ដោយ​៖ស​ តារា​


ចែករំលែក៖