ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងឆេះម៉ត់សង្ស័យទុស្សេសូឡាខូចខាតបាត់បង់លុយកាក់និងសម្ភារអស់ទាំងស្រុង

ចែករំលែក៖

ខេត្តរតនគិរី៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងបណ្តាលឱ្យខូចខាតនិងបាត់បង់លុយកាក់និងសម្ភារអស់ជាច្រើន។

ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះពលរដ្ឋអស់មួយខ្នងរួមនឹងសម្ភារជាច្រើននោះបានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នៅចំណុចភូមិឡុំ ឃុំ​ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ប្រភពបានឱ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆេះនោះមានទទឹង៥ម៉ែត្របណ្តោយ៩ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី មានម្ចាស់ឈ្មោះ ពូយ ស្វីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិដើមភាគតិចចារាយ មានប្រពន្ធឈ្មោះសេវ ធៀន អាយុ២០ឆ្នាំ ជនជាតិចារាយ មានទីលំនៅភូមិឃុំខាងលើ។

    ចំពោះសម្ភារខូចខាត់រួមមានលុយចំនួន២,២០០,០០០៛, ថ្នាំបាញ់ស្មៅចំនួន៦កេស, ម៉ាស៊ីនត្រង់សឺន័រ(ម៉ាសុីនអារឈើ) មួយគ្រឿង, ម៉ាស៊ីនកាត់ស្មៅ មួយគ្រឿង, ម៉ាស៊ីនបាញ់ថ្នាំមួយគ្រឿង,

ម៉ូតូកែច្នៃមួយគ្រឿង, កង់២គ្រឿង,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីរសន្លឹក, សៀវភៅស្នាក់នៅមួយក្បាល, សូឡាមួយផ្ទាំង, អាគុយ២គ្រឿង, ស្រូវចំនួនមួយបេ, អង្ករចំនួនមួយបេ,ផ្ទាំងរូបចាក់ចំនួន៥ផ្ទាំង,កូនសត្វឆ្កែចំនួន ៣ក្បាលក៏ងាប់អស់ដែរ។ក្រៅពីនេះក៏នៅមានសម្ភារប្រើប្រាស់ក្នុងផ្ទះផ្សេងៗមួយចំនួនទៀតផងដែរ។

មូលហេតុដែលបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះអស់ផ្ទះទាំងស្រុងខាងលើនេះ យោងតាមការសួរនាំរម្ចាស់ផ្ទះថាសង្ស័យអាចមកទុស្សេសូឡាដោយសារកម្តៅថ្ងែខ្លាំងពេក៕ 

                                 

ដោយ៖​ ជីវ័ន្ត


ចែករំលែក៖