កាលពីព្រេងនាយមានសេ្តចត្មាតមួយ មានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ យប់មួយសេ្តចត្មាតនោះដេកទៅយល់សប្តិឃើញថាបានចាប់សេ្តចដំរីស។ ពួកសេនារេហ៏ពលក៏ហើរសំដៅទៅលំនៅសេ្តចដំរីសនោះ ដល់ហើយក៏ស្រែកហៅសេ្តចដំរីសថា បងដំរី! ម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ ដោយម្ចាស់យើងយល់សប្តិថា “បានស៊ីសាច់បងដំរីឯង”។ ដំរីឮដូច្នោះ ក៏ភ័យញ័រឥតឧបមា យំបណ្តើរ លាប្រពន្ឋកូន និងពលសេនាបណ្តើរ ដើម្បីទៅតាមពលត្មាតតាមបញ្ជារបស់ សេ្តចត្មាត លុះមកដល់កណ្តាលផ្លូវ បានជួបនឹងសុភាទន្សាយៗក៏សួរទៅសេ្តចដំរីថា “យើ ! បងដំរីទៅណាមកណា ក៏រលះរលាំង ថែមទាំងយំសស្រាក់យ៉ាងនេះ?” ដំរីឆ្លើយថា “ឱ បងសុភាអើយ ! សេ្តចត្មាតគេយល់សប្តិឃើញថា បានស៊ីសាច់ខ្ញុំ ឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយ” ទន្សាយឆ្លើយថា “យើ ! បងដំរី រូបប៉ុនបងឯងមេ្តចសុខចិត្ត ទៅឲ្យអាសត្វត្មាតស៊ីទទេៗយ៉ាងនេះ ចាំខ្ញុំជួយដោះទុក្ខបងឯងឲ្យរួចរស់បាន”។ សេ្តចដំរីបានឮដូច្នោះ មានចិត្តត្រេកអរណាស់ ក៏ហៅទន្សាយឡើងជិះលើខ្នងដើរសំដៅទៅលំនៅសេ្តចត្មាត។ លុះឃើញដំរីដើរមកដល់ហើយ សេ្តចត្មាត អរញញឹមញញែម រួចនិយាយទៅកាន់ដំរីថា “អឺ ! បងដំរីមកដល់ហើយ យើងត្រូវស៊ីបងឯងក្នុងថៃ្ងនេះ ព្រោះ យើងយល់សប្តិឃើញថា បានស៊ីសាច់បងឯង” នៅពេលដែលដំរីជួបនឹងសេ្តចត្មាតនោះ ទន្សាយធើ្វពុតជាដេកលក់ លើខ្នងដំរី។ ស្តេចត្មាតក៏ស្រែកទៅកាន់ទន្សាយថា “នែ ! បងសុភា ម៉េចមកដេកលក់លើខ្នងដំរីដូចេ្នះ? ចុះចេញឲ្យឆាប់ យើងនឹងស៊ីដំរីឥឡូវនេះ”។ ទន្សាយឆ្លើយថា “ឈប់ៗ កុំអាលសិន! បងនិយាយជាមួយដំរីដូចមេ្តចខ្លះ អម្បាញ់មិញយើងមិនបានស្តាប់ ព្រោះរវល់តែងងុយពេក” សេ្តចត្មាតឆ្លើយថា “យើងយល់សប្តិឃើញថា បានស៊ីសាច់ ដំរីស”។ ទន្សាយថា “អឺ! មែនហើយអម្បាញ់មិញ ខ្ញុំដេកលក់មួយភាំងទៅយល់សបិ្តថា “បានស្រលាញ់ប្រពន្ឋសេ្តចត្មាតឯង”។ សេ្តចត្មាតឆ្លើយថា “យើ បងសុភា ! យើងមិនត្រូវការឲ្យព្រន្ឋយើងទៅបងសុភាឯងទេ”។ ទន្សាយថា “បើបងឯងមិនឲ្យ ការយល់សប្តិរបស់បងត្មាតឯងក៏ឥតបានការអី្វដែរ ដំរីក៏ខ្ញុំមិនឲ្យបងត្មាតឯងស៊ីដូចគ្នា”។ ត្មាតក៏ខានបានស៊ីសាច់ដំរី ដោយចាញ់កលឧបាយសុភាទន្សាយ ដំរីក៏វិលទៅលំនៅខ្លួនវិញទៅ។ ទន្សាយក៏បោលចូលព្រៃទៅបាត់ដែរ៕
ស្រាវជ្រាវពីរឿងព្រេងខ្មែរនិងកែសម្រួលដោយ÷ចៅតាជេត