ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុកគោយន្តកន្ត្រៃស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖  មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧នឹង៤០នាទីយប់នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៦៣-៦៤ក្នុងភូមិព្រៃខ្មុរ ឃុំស្រែណូយ ស្រុកវ៉ារិន រវាងម៉ូតូនឹងគោយន្តកន្ត្រៃបើកបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់។

លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនៃអធិការដ្ឋានស្រុកវ៉ារិន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូ ម៉ាកហុងដាឃ្លិច ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តមានជ័យ 1E-6544 ដែលបើកបរដោយឈ្មោះ ខេង វាសនា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបនិងមាន អ្នករួមដំណើរចំនួន០១នាក់ ឈ្មោះ ខេង ផល្លី ត្រូវជាឪពុក។បុរសខាងលើបើកម៉ូតូក្នុងល្បឿនលឿនក្នុងស្ថានភាពផ្លូវងងឹតទិសដៅពីត្បូងទៅជើងហើយមកដល់កន្លែងកើតហេតុបានបុកជាមួយគោយន្តកន្រ្តៃម៉ាក Kobota (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងទិសដៅផ្ទុយគ្នា។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ ខេង ផល្លី(ជាឪពុក) របួសកូនម្នាក់បាក់ភ្លៅខាងឆ្វេង (ធ្ងន់) ខូចម៉ូតូចំនួន០១គ្រឿង (ធ្ងន់) និងគោយន្តកន្ត្រៃ១គ្រឿង(ធ្ងន់)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងធ្វើការប្រគល់សាកសពទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានស្រុកវ៉ារិន ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖