ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ អង្គរសង្រ្កាន្តក្នុងដួងចិត្តខ្ញុំ

ចែករំលែក៖

ភ្នំពេញ៖ «នឹកឃើញដល់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺមិនត្រឹមតែនឹកដល់កម្មវិធី ភាពសប្បាយរីករាយ និងស្នាមញញឹមរបស់អ្នកគ្រប់គ្នាដែលបានចូលរួមប៉ុណ្ណោះទេ ប៉ុន្តែជាការនឹករលឹកដល់ការលះបង់ ការតាំងចិត្ត និងការបំពេញភារកិច្ចអស់ពីចិត្តពីសមាជិកគ្រប់ៗរូប។ ខ្ញុំពិតជាមានមោទនភាពណាស់។» នេះជាខ្លឹមសារខ្លីមួយដែល លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរម្លឹកដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើគណនេយ្យInstagram នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

លោកថ្លែងទៀតថា, ជាការពិតណាស់ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តកើតចេញពីគំនិតរបស់យុវជនមួយក្រុមតូច ដែលជាស្មារតីនៃការចូលរួមរបស់យុវជនខ្មែរក្នុងបុព្វហេតុជាតិ រហូតកើតចេញជាកម្មវិធីពិតប្រាកដមួយនៅឆ្នាំ២០១៣។ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះ បានទាក់ទាញយុវជនចូលរួមរាប់ពាន់អ្នក ដែលសុទ្ធតែកើតចេញឡើងពីការស័្មគ្រចិត្ត លះបង់ពេលវេលា និងកម្លាំងកាយចិត្ត រហូតធ្វើឲ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តទទួលបានការកោតសរសើរ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិរាប់លាននាក់ចូលមកទស្សនា និងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ភាពអស្ចារ្យ និងមោទនភាពនេះ នៅតែបន្តដក់ជាប់ក្នុងដួងចិត្តរបស់សមាជិក សមាជិកា និងយុវជនស័្មគ្រចិត្តគ្រប់រូប ដែលនេះមិនត្រឹមតែជាសក្ខីភាពនៃការចូលរួមថែរក្សា មរតកវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ខ្មែរប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីស្មារតីនៃការរក្សាស្នាដៃចាស់ បង្កើតស្នាដៃថ្មីៗឲ្យល្បីរន្ទឺលើពិភពលោក ដូចជាការបំបែកកំណត់ត្រាពិភពលោកនានាជាដើម។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបន្តថា, យើងសង្ឃឹមថា អ្វីៗនឹងបានប្រសើរឡើងវិញ ហើយស្ថានភាពសង្គមនឹងត្រលប់មកជាធម្មតាក្នុងពេលឆាប់ៗនេះ។
លោកលើកជាទិសស្លោកយ៉ាងខ្លី នឹងមានន័យបំផុតថា ! “អង្គរសង្រ្កាន្តក្នុងដួងចិត្តខ្ញុំ” ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖