ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីអង់គ្លេស​ អះអាងថា៖ «មិនមានអារម្មណ៍ប៉ះពាល់អ្វីទាំងអស់» ក្រោយ​ទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសដំបូងរួចរាល់

ចែករំលែក៖

អន្តរជាតិ​៖ លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស​ បន្ទាប់​ពី​ទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក AstraZeneca សម្រាប់ដូសដំបូងរបស់លោករួចរាល់ហើយ នៅថ្ងៃសុក្រទី១៩​ ខែមីនា​ ឆ្នាំ​២០២១​ និងបានជំរុញសាធារណជនទាំងអស់ ឱ្យមកទទួលការចាក់វ៉ាក់សាំងនេះដូចគ្នា ដោយលោកបានអះអាងថា «មិនមានអារម្មណ៍ប៉ះពាល់អ្វីទាំងអស់»។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១​ បានចុះផ្សាយថា​ លោក បូរីស ចនសុន មានអាយុ ៥៦ឆ្នាំ​ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ដូសដំបូងរបស់លោកនៅមន្ទីរពេទ្យតែមួយ ដែលកាលពីជិតមួយឆ្នាំមុន លោកត្រូវបានក្រុមគ្រូពេទ្យ រៀបចំឲ្យសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត បន្ទាប់ពីលោកបានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ និងបានធ្លាក់ខ្លួនឈឺធ្ងន់។

បេីតាមការ​លើកឡើងរបស់នាយករដ្ឋមន្រ្តីអង់គ្លេស​ ក្រោយទទួលការចាក់វ៉ាក់សាំង នៅឯមន្ទីរពេទ្យថូម៉ាស់ (St Thomas) ដែលស្ថិតនៅក្នុងទីក្រុងឡុងដ៍​ យ៉ាងដូច្នេះ​ថា៖ «ខ្ញុំពិតជាមិនមានអារម្មណ៍ប្លែកអ្វីនោះទេ។ វាពិតជាល្អណាស់ ហើយរហ័សណាស់ និងមិនមានការឈឺចាប់អ្វីទាំងអស់។ ខ្ញុំមិនអាចណែនាំពីអត្ថប្រយោជន៍របស់វា ខ្ពស់ពេកនោះទេ ប៉ុន្តែអ្នករាល់គ្នានៅពេលដែលអ្នកទទួលបាន ការជូនដំណឹងទៅកាន់អ្នក ដើម្បីទៅចាក់វ៉ាក់សាំងនេះ សូមមេត្តាទៅទទួលវាចុះ ព្រោះវាជារឿងល្អបំផុតសម្រាប់អ្នក និងជារឿងល្អបំផុតសម្រាប់គ្រួសាររបស់អ្នក និងសម្រាប់មនុស្សគ្រប់គ្នា»។

គួរបញ្ជាក់ថា លោក បូរីស ចនសុន បានទទួលការចាក់វ៉ាក់សាំង សម្រាប់ដូសដំបូងរបស់លោក ខណៈដែលបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន នៅថ្ងៃសុក្រម្សិលមិញនេះ បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ឡើងវិញ បន្ទាប់ពីនិយ័តករឱសថបានបញ្ជាក់ថា អត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងនេះ មានច្រើនលើសលប់ជាងហានិភ័យទៅទៀត៕

ដោយ​៖ស​ តារា​

 

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីអង់គ្លេស​ បន្ទាប់​ពី​ទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក AstraZeneca សម្រាប់ដូសដំបូង


ចែករំលែក៖