ភ្នំពេញ៖ បុរស២នាក់ត្រូវជាពូនិងក្មួយ ត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៣៥១ ស្ថិតនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ សៀម ផាន់ណា អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ចំណែកជនរងគ្រោះរបួសធ្ងន់ឈ្មោះ ឡាត់ រៀន ភេទប្រុស អាយុ ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ពួកគាត់ទាំងពីរត្រូវជាពូនិងក្មួយ ។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះមិនបានបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីរបស់គាត់ធ្វើការឲ្យក្រុមហ៊ុនម៉ៅការដាក់លូ ហើយក្មួយប្រុសរបស់គាត់ បានបើកអេស្កាវ៉ាទ័រស្ទូចលូដាក់ទៅខាងក្នុងប្រឡាយតភ្ជាប់គ្នា ខណៈនោះ ក៏ស្រាប់តែលើកប្រមោយទៅបានទាក់នឹងខ្សែភ្លើង បណ្ដាលឲ្យស្រូបឆក់តែម្តង។ ភ្លាមៗនោះ ប្ដីរបស់គាត់កំពុងតែកាយកប់លូនៅក្បែរគ្នា បានឃើញក្មួយឆក់បែបនេះ ក៏ស្រែកហៅឲ្យគេជួយហើយស្ទុះទៅជួយក្មួយឆក់ទាំង២នាក់តែម្ដងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្មួយរបស់គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ចំណែកឯ ប្ដីរបស់គាត់វិញបានរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចពិនិត្យមើលខ្សែភ្លើង និងអេស្កាវ៉ាទ័រ ហើយធ្វើកំណត់ហេតុរួចរាល់ក៏ប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភារ៉ា ដង្កោ