ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់អង់គ្លេសFA Cup បានបញ្ចប់ហើយកាលពីយប់ថ្ងៃទី២១ ខែមីនា ដោយរកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
២ក្រុមដែលប្រកួតកាលពីរាត្រីថ្ងៃទី២០គឺក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុម Everton ក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ Man City រកនៅតង់ទី២ ដោយ១គ្រាប់រកបានដោយកីឡាករ Gündoğanនៅនាទីទី៨៤ និង១គ្រាប់ទៀតរកបានដោយកីឡាករ De Bruyne នៅនាទីទី៩០ជិតចប់ការប្រកួត។ ចំណែកមួយក្រុមទៀតគឺក្រុម Southampton យកឈ្នះក្រុម AFC Bournemouth ក្នុងលទ្ធផល៣ទល់០ ដែល៣គ្រាប់រកបានដោយកីឡាករ Djenepo នៅនាទីទី៣៧ និង២គ្រាប់ទៀតរកបានដោយកីឡាករ Redmond នៅនាទីទី៤៥ និងនាទីទី៥៩។
ដោយឡែក២ក្រុមដែលត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលប្រកួតកាលពីយប់មិញគឺក្រុមតោខៀវ Chelsea យកឈ្នះក្រុម Sheffield United ក្នុងលទ្ធផល២ទល់០។ ២គ្រាប់របស់ក្រុមតោខៀវរកបានដោយកីឡាករ Norwood ជាការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងនៅនាទីទី២៤ និង១គ្រាប់ទៀតរកបានដោយកីឡាករ Ziyech នៅនាទីទី៩០+២។ ចំណែកក្រុមចចកកំណាច Leicester City បានយកឈ្នះក្រុមខ្លាំងបិសាចក្រហម Manchester United ក្នុងលទ្ធផល៣ទល់១ ដែល៣គ្រាប់របស់ក្រុម Leicester City រកបានដោយកីឡាករ Iheanacho ២គ្រាប់ម្នាក់ឯងនៅនាទីទី២៤ និងនាទីទី៧៨ និង១គ្រាប់ទៀតរកបានដោយកីឡាករ Tielemans នៅនាទីទី៥២ ខណៈក្រុមបិសាចក្រហមរកបាន១គ្រាប់ដោយកីឡាករ Greenwood នៅនាទីទី៣៨។
លទ្ធផលនេះធ្វើឲ្យក្រុម Leicester City បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨១-១៩៨២ ដោយក្រុមនេះធ្លាប់ចាញ់ការប្រកួត FA Cup វគ្គ៨ក្រុមជាប់គ្នា៥លើកជាប់ៗគ្នា។ ចំណែកក្រុមបិសាចក្រហម Manchester United បានចាញ់ការប្រកួតក្រៅដីជាមួយក្រុមនៅអង់គ្លេសជាលើកទី១ ក្នុងចំណោម៣០ប្រកួត ខណៈដែលការបរាជ័យលើកមុនគឺប្រកួតជាមួយ Liverpool នៅខែមករា ឆ្នាំ២០២០ ។
សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-Final)នៃពានរង្វាន់ FA Cup នេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២១ខាងមុខ ដោយក្រុម Leicester City ប៉ះក្រុម Southampton ខណៈក្រុមតោខៀវ Chelsea ប៉ះក្រុមមេឃខៀវ Manchester City ៕ ដោយ៖ភារៈ