ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងធម្មការ ស្នើ ព្រះរាជអាជ្ញា ចាត់វិធានការផ្លូវច្បាប់ចំពោះលោក ផែង វណ្ណៈ ទោះបានធ្វើលិខិតសុំទោស ក៏ដោយ

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ បានធ្វើលិខិតមួយច្បាប់ គោរពជូន លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ក្នុងកម្មវត្ថុ «សុំចាត់វិធានការផ្លូវច្បាប់ចំពោះ បុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទ ប្រមាថចំពោះព្រះសង្ឃ តាមមាត្រា៥១៦ , បទញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦ និង បទគំរាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ»។

បើតាមការអោយដឹងពីមន្ត្រីតុលាការ លិខិតនេះ បានមកដល់អយ្យការអមសាលាដំបូងខេត្តកណ្តាល ហើយ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ គ្រាន់តែពុំដឹងថា, តំណាងអយ្យការចាត់ការបែបណាបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា , កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ លោក ផែង វណ្ណៈ ក៏បានធ្វើលិខិត សុំទោសជាសាធារណៈ និង បានទៅដល់វត្តរាជបូរណ៍ ខេត្តសៀមរាប ដើម្បីសុំខមាទោស ពី ព្រះចៅអធិការវត្ត ផងដែរ ជាមួយនិងការប្រគេនសំភារៈមួយចំនួន ក្នុងវិស័យព្រះពុទ្ធសាសនា ៕

ដោយ៖ សិលា


ចែករំលែក៖