ក្រសួងយុត្តិធម៌អាមេរិក ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រ ដែលបានសម្រេចកាត់ទោសជនជាតិកូរ៉េខាងជើង។ ជនជាតិកូរ៉េខាងជើងឈ្មោះ Mun Chol Myong ត្រូវអាមេរិកចោទប្រកាន់ទោសពីបទលាងលុយខ្មៅ និងគេចពីទណ្ឌកម្មរបស់អន្តរជាតិ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ថា បុគ្គលដែលត្រូវបានកាត់ទោសគឺជា ចារកិច្ចកូរ៉េខាងជើង និងជាបុគ្គលិកចារកិច្ចទីពីរហើយដែលបានបញ្ជូនទៅកាន់អាមេរិក ដោយចោទប្រកាន់បំពានច្បាប់អាមេរិក។
តាមការចោទប្រកាន់ទោស ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ លោក Mun Chol Myong បានអនុវត្តការធ្វើចរាចរណ៍ហិរញ្ញវត្ថុបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក និងអង្គការសហប្រជាជាតិ ។ ទឹកប្រាក់ដែលលោក Mun បានធ្វើចរាចរណ៍ មាន ១,៥លានដុល្លារ។
នៅក្នុងការចោទប្រកាន់ លោក Mun បានប្រើប្រាស់ឈ្មោះក្រុមហ៊ុនក្លែងក្លាយដើម្បីចរាចរហិរញ្ញវត្ថុ ។ តាមការចោទប្រកាន់របស់រដ្ឋអាជ្ញាអាមេរិក ក្រុមហ៊ុននេះផ្គត់ផ្គង់បច្ចេកវិទ្យា ទំនិញកសិកម្ម និងទំនិញប្រណីត រួមទាំងស្រា និងបារីឲ្យទៅកូរ៉េខាងជើង។
នៅថ្ងៃទី២២ខែមីនា(ពេលវេលាអាមេរិក) លោក Mun Chol Myong បានបង្ហាញខ្លួននៅតុលាការអាមេរិក ក្នុងខណ្ឌ Columbia ។ កាលពីសប្តាហ៍កន្លងមកលោក Mun ត្រូវបានធ្វើបត្យាប័នពីម៉ាឡេស៊ីទៅកាន់អាមេរិក ក្លាយជាពលរដ្ឋកូរ៉េខាងជើងដំបូងត្រូវធ្វើបត្យាប័នទៅអាមេរិក។
សកម្មភាពទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើង និងម៉ាឡេស៊ីកាត់ផ្តាច់ទំនាក់ទំនងការបរទេស រយៈពេលជិត៥០ឆ្នាំរវាងប្រទេសទាំងពីរ។ កាលពីថ្ងៃទី២២ខែមីនា មន្ត្រីបុគ្គលិកស្ថានទូតកូរ៉េខាងជើង ប្រចាំម៉ាឡេស៊ីបានចាកចេញពីទីក្រុងគូឡាឡំពួរ វិលត្រឡប់ទៅប្រទេសវិញ៕ ដោយ៖ធីរីណា
រូបភាព៖CNBC
រូបភាព៖EPA