ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណ:កំពុងបើកគោយន្តកន្ត្រៃដឹកគ្រាប់ស្វាយចន្ទី២ការុងស្រាប់តែគោយន្តក្រឡាប់សង្កត់លើធ្វើឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់នៅក្រោមគោយន្តយ៉ាងអាណោចអាធ័មបំផុត ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិ រាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើម្បីចុះមកពិនិត្យនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៨យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចអូរយូន ស្ថិតក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប្រភពពីគ្រួសារជនរងគ្រោះបាននិយាយថា ជនរងគ្រោះមុនស្លាប់ក្នុងគ្រោះថ្នាក់នេះ គាត់បានបើកគោយន្តកន្ត្រៃទៅចម្ការដឹកគ្រាប់ស្វាយចន្ទីចំនួន២ការុង ត្រឡប់មកវិញ ដើម្បីយកមកលក់ដោះស្រាយជីវភាព តែមិនដឹងហេតុការណ៍អកុសលអ្វីធ្វើឲ្យជនរងគ្រោះ ក្រឡាប់គោយន្តសង្កត់ស្លាប់យ៉ាងអាណោចអាធ័មដូច្នេះសោះ លុះព្រឹកឡើងទើបភ្ញាក់ផ្អើល។
ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះសំរឹទ្ធ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចំការលើបានឱ្យដឹងថា: ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគោយន្តកន្ត្រៃក្រឡាប់សង្កត់លើដោយខ្លួនឯង មិនមែនបង្កហេតុដោយអ្នកផ្សេងឡើយ ក្រោយពេលត្រឡប់មកពីចម្ការវិញក៏មានហេតុការណ៍ដូច្នេះទៅ តែយើងមិនអាចបញ្ចាក់បានទេថានៅម៉ោងណាឲ្យពិតប្រាកដនោះទេ គ្រាន់តែតាមការបញ្ជាក់របស់គ្រួសារជនរងគ្រោះថាជនរងគ្រោះទៅយកគ្រាប់ស្វាយចន្ទីនៅចម្ការពេលក្បាលព្រលប់ តែមិនដឹងថាគាត់ត្រឡប់មកវិញម៉ោងប៉ុន្មាននោះទេ តែសង្ស័យចន្លោះម៉ោងជាង៨យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ ក្រោយពិនិត្យលើសាកសពរួច សមត្ថកិច្ចបានប្រគល់ឲ្យគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕
ដោយ៖ មាស សុផាត