ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានធ្វើការផ្សព្វផ្សាយច្បាប់និងអនុក្រឹត្យ ស្តីពីវិធានការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅសាលប្រជុំធំយោធភូមិភាគ។
អញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគនិងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន មកពីបណ្តាអង្គភាពចំណុះយោធភូមិភាគទី៥។
មានប្រសាសន៍បើកវគ្គផ្សព្វផ្សាយលោកឯក សំអូន បានលើកកោតសរសើរដល់គ្រប់កងឯកភាពសម្រេចភារកិច្ចល្អក្នុងឆ្នាំ២០២០កន្លងមកដោយអនុវត្តលើ៤ខ្លឹមសារការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ជាក់ស្ដែងកម្លាំងយោធភូមិភាគទី៥បានសម្រេចការងារធំៗ ដូចជាការងារហ្វឹកហ្វឺនពង្រឹងសមត្ថភាព ការងារចុះជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់
ទឹកជំនន់ ចុះជួយច្រូតស្រូវលិចទឹកគ្រោះថ្នាក់ផ្សេងៗនិងការងារធានាជីវភាពកងទ័ពបង្កបង្កើនផល ចិញ្ចឹមសត្វ។ល។
ស្ថានភាពកូវីដ-១៩កំពុងរីករាលដាលក្នុងសហគមន៍យើងបានចាត់តាំងកម្លាំងចុះត្រួតពិនិត្យតាមព្រំដែនទប់ស្កាត់ពលករមកពីថៃឲ្យធ្វើចត្តាឡីស័ក។
ថ្ងៃនេះយើងបានផ្សព្វផ្សាយច្បាប់និងអនុក្រឹត្យដល់គ្រូបង្គោលដើម្បីបន្តធ្វើការផ្សព្វផ្សាយដល់នាយទាហាន ពលទាហានឲ្យយល់ជ្រួតជ្រាបបានគ្រប់ៗគ្នាដើម្បីចូលរួមចំណែកអនុវត្តច្បាប់និងចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ចៀសវាងការប្រព្រឹត្តខុសឆ្គងក្នុងកងកម្លាំងប្រដាប់អាវុធរបស់យើង៕
ដោយ៖ សូរិយា