ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី យក់ សម្បត្តិ : សាហាវណាស់ ! អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយ ស្លាប់នៅក្នុងមន្ទីរពេទ្យរុស្ស៉ី ជាស្ត្រីអាយុ៧៦ឆ្នាំ រស់នៅខេត្តព្រៃវែង

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ម្នាក់ទៀតហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោង៧៖០៥នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់អោយដឹងពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយ មុននេះបន្តិច ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា, អ្នកជំងឺដែលស្លាប់នេះមានឈ្មោះ ហេង យិន ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ត្រូវបានបញ្ចូនមកពីមន្ទីរពេទ្យខេត្តព្រៃវែង មកដល់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

លោកស្រីរដ្ឋលេខាធិការ យក់ សម្បត្តិ បញ្ជាក់បន្ថែមថា អ្នកជំងឺមានរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវធ្ងន់ធ្ងរ និងបានស្លាប់នៅម៉ោង៧៖០៥នាទីយប់ ថ្ងៃនេះ ព្រោះតែខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ដោយសារវីរុសកូវីដ១៩ វាយលុកខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ ការប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងសុខាភិបាល មិនទាន់ចេញនៅឡើយទេ គិតត្រឹមវេលាម៉ោង៩និង៤៩នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
សូមជម្រាបថា, កូវីដ-១៩វាយលុកខ្លាំងណាស់, សូមប្រុងប្រយ័ត្នខ្ពស់ណាបងប្អូនជនរួមជាតិ ! ក្រសួងសុខាភិបាលប្រកាស រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន ១៧៩នាក់​ និងអ្នកជាសះស្បេីយចំនួន​ ៥៨នាក់​ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តាមរយៈសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១៕

ដោយ ៖ សិលា


ចែករំលែក៖