ក្លិបបិសាចក្រហម Manchester United បានបើកចំហរចំពោះការវិលត្រឡប់សម្រាប់កីឡាករ Jesse Lingard នៅរដូវក្តៅនេះរួមទាំងការពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីផងដែរ។ ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះមានទម្រង់លេងគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះចាប់តាំងពីចូលរួមជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។
តាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី២៧ ខែមីនាឲ្យដឹងថា លោក Ole Gunnar Solskjaer បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់ Jesse Lingard ហើយជាអ្នកគាំទ្រកីឡាករវ័យ២៨ឆ្នាំរូបនេះបើទោះបីជាគាត់បានខ្ចីជើងហើយក៏ដោយ។
ក្លិបបិសាចក្រហមនឹងវាយតំលៃថា តើនឹងនាំ Jesse Lingard ត្រឡប់ទៅកាន់ទឹកដី Old Trafford វិញមុនរដូវក្តៅ ឬអត់ ខណៈដែលគាត់សំរេចចិត្តមិនផ្តល់កុងត្រាថ្មីដល់គាត់។ កីឡាកររូបនេះនៅសល់ពេលជាង១ឆ្នាំទៀតសម្រាប់លក្ខខណ្ឌការងារ១០ម៉ឺនផោនក្នុងមួយសប្តាហ៍របស់គាត់ ហើយក្លិបអាចនឹងមានឆន្ទៈក្នុងការផ្តល់កិច្ចសន្យាថ្មី៣ឆ្នាំទៀតដល់គាត់។
ទោះយ៉ាងណាក៏ដោយគេជឿជាក់ថា ក្លិប West Ham នឹងព្យាយាមបញ្ចុះបញ្ចូល Lingard លើការផ្លាស់ប្តូរជាអចិន្រ្តៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្លិបនេះ។ ក្រុមញញួរធំ West Ham បានផ្តល់តម្លៃដល់រូបគេចន្លោះ១៥លានផោន ទៅ២០លានផោន ហើយក្លិបបិសាចក្រហមអាចនឹងចង់បានច្រើនជាងនេះប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង។
ជាមួយគ្នានេះក្លិបបិសាចក្រហមនឹងមិនច្រានចោលលទ្ធភាពនៃកិច្ចសន្យាថ្មីដែលអាចមើលឃើញកីឡាកររូបនេះត្រូវបានខ្ចីជើងម្តងទៀតប្រសិនបើការផ្តល់ជូនត្រឹមត្រូវតាមអ្វីដែលក្លិបចង់បាន។
សូមបញ្ជាក់ថា ខ្សែបម្រើ Jesse Lingard បានបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Gareth Southgate នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ។ កីឡាកររូបនេះបានចាប់ផ្តើមការប្រកួតជម្រុះដោយជួយឲ្យអង់គ្លេសយកឈ្នះលើក្រុមសាន់ម៉ារីណូ ៥-០ ក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃព្រហស្បតិ៍។Lingard មានការចាប់ផ្តើមគួរឱ្យចាប់អារម្មណ៍ចំពោះលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅពហុកីឡដ្ឋាន London របស់ West Ham ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងការបង្ហាញខ្លួននៅលីគកំពូលអង់គ្លេស៧ដង ៕ដោយ៖ ភារៈ